អន្តរជាតិ

សហរដ្ឋអាមេរិកនឹងបញ្ចប់តម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់មន្ត្រីសហព័ន្ធ និងអ្នកធ្វើដំណើរតាមយន្តហោះអន្តរជាតិ

BY
autoadmin
May 2, 2023

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងបញ្ចប់តម្រូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បុគ្គលិកសហព័ន្ធ អ្នកម៉ៅការរបស់រដ្ឋាភិបាលសហព័ន្ធ និងអ្នកធ្វើដំណើរតាមយន្តហោះអន្តរជាតិ នៅថ្ងៃទី១១ ខែឧសភា ដែលត្រូវជាថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិកនឹងបញ្ចប់ការដាក់ជំងឺ COVID-19 នៅក្នុងស្ថានភាពអាសន្ន។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖«ថ្ងៃនេះ យើងសូមប្រកាសថា រដ្ឋបាលនឹងបញ្ចប់តម្រូវការចាក់វ៉ាក់សាំងជំងឺ COVID-19 សម្រាប់បុគ្គលិកសហព័ន្ធ អ្នកម៉ៅការសហព័ន្ធ និងអ្នកធ្វើដំណើរតាមយន្តហោះអន្តរជាតិ នៅចុងបញ្ចប់នៃថ្ងៃទី១១ ខែឧសភា ដែលជាថ្ងៃដូចគ្នាដែលការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈសម្រាប់ជំងឺ COVID-19 ត្រូវបានបញ្ចប់»។

ជម្រាបផងដែរថា មនុស្សជាង ១លាននាក់ បានស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេតវិមានបានកត់សម្គាល់ថា ជំងឺរាតត្បាត COVID-19 បានចប់អស់ហើយ ដែលនាំឱ្យរដ្ឋាភិបាលលុបចោលការរឹតបន្តឹងតាំងពីពេលដែលជំងឺនេះ នៅកំពុងវាយលុកសហគមន៍ទាំងមូល និងបង្ខំឱ្យមានការបិទសេដ្ឋកិច្ច។ របាយការណ៍បាននិយាយថា៖«ចាប់តាំងពីខែមករា ឆ្នាំ២០២១ ការស្លាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 បានធ្លាក់ចុះ ៩៥% ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះជិត ៩១%។ នៅទូទាំងពិភពលោក ការស្លាប់របស់ COVID-19 គឺស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត»។

យោងតាមសេតវិមានបានបញ្ជាក់ថា៖«តម្រូវការវ៉ាក់សាំងបានជំរុញឱ្យមានការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយយុទ្ធនាការចាក់វ៉ាក់សាំងដ៏ទូលំទូលាយរបស់យើង បានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់»៕

អត្ថបទ៖ លីដា
ប្រភព៖ France24

Share This Post: