អន្តរជាតិ

ចក្រភពអង់គ្លេសចាប់ផ្ដើមការហាត់សម សម្រាប់ព្រះរាជពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles នៅថ្ងៃសៅរ៍នេះ

BY
autoadmin
May 3, 2023

ការហាត់សមត្រូវបានធ្វើឡើងនៅព្រឹកទៀបភ្លឺថ្ងៃពុធ ក្នុងទីក្រុងឡុងដ៍ សម្រាប់ការរៀបចំឡើងគ្រងរាជ្យរបស់ស្តេច Charles នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ជម្រាបដែរថា ស្តេច Charles នឹងត្រូវឡើងគ្រងរាជ្យនៅព្រះវិហារ Westminster Abbey នៅក្នុងពិធីមួយ ដែលពោរពេញដោយភាពចម្រុះ អធឹកអធម និងសារៈសំខាន់ខាងសាសនាដ៏ឧឡារិក បន្ទាប់ពីទ្រង់បានក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស និងអាណាចក្រចំនួន ១៤ ទៀត ក្រោយការសោយទីវង្គត់មាតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ក្សត្រី Elizabeth កាលពីខែកញ្ញា។

ក្នុងរយៈពេលប្រមាណជា ១០០ឆ្នាំចុងក្រោយនេះ ស្តេច និងមហាក្សត្រីនៃប្រទេសអង់គ្លេស និងចក្រភពអង់គ្លេស ត្រូវបានគ្រងរាជ្យនៅឯព្រះវិហារ Westminster Abbey របស់ទីក្រុងឡុងដ៍ នៅក្នុងពិធីមួយដែលមានការផ្លាស់ប្តូរតិចតួចពេញមួយសតវត្ស។ មានព្រះមហាក្សត្រចំនួន ៣៨ អង្គ បានឡើងសោយរាជ្យនៅព្រះវិហារមួយនេះ ដូចជា៖ ស្ដេង Edward V ដែលជាព្រះអង្គម្ចាស់វ័យក្មេងមួយ ក្នុងចំណោមព្រះអង្គម្ចាស់វ័យក្មេង ២នាក់ ដែលក្រោយមកត្រូវបានសម្លាប់ នៅក្នុងប៉មមួយនៃទីក្រុងឡុងដ៍ក្នុងសតវត្សទី ១៥ និងស្ដេច Edward VIII ដែលបានដាក់រាជ្យ ដើម្បីរៀបការជាមួយស្ត្រីមេម៉ាយជនជាតិអាមេរិក Wallis Simpson។

ពិធីឡើងគ្រងរាជ្យនឹងចាប់ផ្តើមនៅម៉ោង ១០ (GMT) បន្ទាប់ពីដង្ហែពីវិមាន Buckingham ហើយក្បួនដង្ហែធំជាងនេះនឹងចាកចេញពីព្រះវិហារ Abbey ដែលអមដោយកងកម្លាំងប្រដាប់អាវុធពីចក្រភពអង់គ្លេស ឆ្លងកាត់ប្រទេស Commonwealth ផ្សេងទៀត។ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នឹងធ្វើដំណើរតាមរាជរថមាស (រទេះសេះមាស) ដែលដាក់ឱ្យប្រើនៅឆ្នាំ១៧៦០។ ស្ដេច Charles នឹងធ្វើសច្ចាប្រណិធាន ដើម្បីរក្សាច្បាប់ និងសាសនាចក្រនៃប្រទេសអង់គ្លេស។

ចំណែកសាធារណជនក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ស្បថ​ភក្ដីភាព​ចំពោះ​ព្រះមហាក្សត្រ និង​អ្នក​ស្នង​មរតក​របស់​ព្រះអង្គ។ ជាមួយគ្នានេះ ភ្ញៀវចំនួន ២,២០០ នាក់ រំពឹងនឹងចូលរួមនៅឯព្រះវិហារ Westminster Abbey ដែលវាជាចំនួនតិចជាង កាលពីពេលម្ចាស់ក្សត្រី Elizabeth ឡើងគ្រងរាជ្យក្នុងឆ្នាំ១៩៥៣ ដែលមានចំនួន ៨,០០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: