រុស្ស៊ីបានចោទអ៊ុយក្រែនថា បានព្យាយាមយកជីវិតលោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើប្រាស់ដ្រូន
- BY
- autoadmin
- May 4, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការប៉ុនប៉ងបរាជ័យ នៅក្នុងការធ្វើឃាតប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហារលើវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងគៀវ មិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលបានរាយការណ៍កាលពីយប់មិញនោះទេ។ លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ហ្វាំងឡង់ថា៖«យើងមិនវាយប្រហារលោក ពូទីន ឬទីក្រុងម៉ូស្គូទេ យើងប្រយុទ្ធនៅលើទឹកដីរបស់យើងប៉ុណ្ណោះ» ។

ជំនួយការជាន់ខ្ពស់របស់លោក Zelenskyy បានហៅការចោទប្រកាន់នេះថា ជាសញ្ញាមួយដែលថា វិមានក្រឹមឡាំងកំពុងរៀបចំផែនការវាយប្រហារថ្មីដ៏សំខាន់មួយលើអ៊ុយក្រែន ខណៈដែលទីក្រុងគៀវ កំពុងរៀបចំការវាយបកដែលរំពឹងទុកជាយូរមកហើយ។ ភាគីរុស្ស៊ីបាននិយាយថា យានយន្តហោះគ្មានមនុស្សបើក ២គ្រឿង បានសំដៅទៅកាន់វិមានក្រឹមឡាំង។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា៖«ជាលទ្ធផលនៃសកម្មភាពទាន់ពេលវេលាដែលធ្វើឡើងដោយយោធា និងសេវាកម្មពិសេស ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធរ៉ាដា ឧបករណ៍វាយប្រហារទាំងនោះត្រូវបានបញ្ឈប់សកម្មភាព»។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំង អ៊ុយក្រែនក៏បានរាយការណ៍ពីការព្រមាន ដែលពាក់ព័ន្ធអំពីការវាយប្រហារតាមអាកាសលើរដ្ឋធានីគៀវ និងទីក្រុងផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






