រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើមជាលើកដំបូងបង្អស់
- BY
- autoadmin
- May 5, 2023
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើម (Respiratory Syncytial Virus) ជាលើកដំបូងបង្អស់កាលពីថ្ងៃពុធ។ វ៉ាក់សាំងដែលមានឈ្មោះថា Arexvy ត្រូវបានអនុម័ត សម្រាប់ការការពារជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលបណ្តាលមកពី RSV ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ RSV គឺជាមេរោគឆ្លងខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់សួត និងផ្លូវដកដង្ហើមចំពោះបុគ្គលគ្រប់ក្រុមអាយុ។ ចំពោះមនុស្សវ័យចំណាស់ RSV គឺជាមូលហេតុទូទៅនៃជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលប៉ះពាល់ដល់សួត និងអាចបណ្តាលឱ្យមានជំងឺរលាកសួត និងរលាកទងសួត ដែលគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាម FDA ។

ជារៀងរាល់ឆ្នាំ RSV នាំឱ្យមនុស្សត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រមាណពី ៦០,០០០ ទៅ ១២០,០០០ នាក់ និងការស្លាប់ពី ៦,០០០ ទៅ ១០,០០០ នាក់ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ លោក Peter Marks នាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្ត្ររបស់ FDA បាននិយាយថា៖«ការអនុម័តនៅថ្ងៃនេះ លើវ៉ាក់សាំង RSV ដំបូងបង្អស់ គឺជាសមិទ្ធិផលសុខភាពសាធារណៈដ៏សំខាន់មួយក្នុងការទប់ស្កាត់ជំងឺ ដែលអាចគំរាមកំហែងដល់អាយុជីវិត និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់ FDA ក្នុងការសម្របសម្រួលការអភិវឌ្ឍន៍វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






