ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំគណបក្សឆ្ពោះទៅមុខ ប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ

    BY autoadmin May 15, 2023
    មេដឹកនាំគណបក្សឆ្ពោះទៅមុខ ប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ

    មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ខណៈដែលគណបក្សរបស់លោកបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ។ លោក Pita មានអាយុ ៤២ឆ្នាំ រៀនចប់ពីសាកលវិទ្យាល័យ Harvard ម្នាក់នេះ បានប្រកាសនៅលើ Twitter ថា៖«សួស្តីបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំ Pita Limjaroenrat ច្បាស់ហើយ ត្រៀមរួចរាល់ហើយ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។»

    «យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថា ប្រទេសថៃដែលយើងស្រឡាញ់អាចប្រសើរជាងនេះ។ ការផ្លាស់ប្តូរអាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្តើមធ្វើវាចាប់ពីថ្ងៃនេះ… ក្តីសុបិន និងក្តីសង្ឃឹមរបស់យើង គឺ សាមញ្ញ និងទៀងត្រង់។»

    លោកបន្ដថា៖«មិនថាអ្នកយល់ស្រប ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នក។ ទោះ​អ្នក​បោះឆ្នោតឱ្យ​ខ្ញុំ​ឬ​អត់ ខ្ញុំ​នឹង​បម្រើ​អ្នក។»

    ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទនេះ បានបង្ហាញថា គណបក្សឆ្ពោះទៅមុខបានឈ្នះ ១១២ អាសនៈ នៅក្នុងចំណោម ៤០០ អាសនៈ និង ១៤.១ លានសំឡេង ដោយបានយកឈ្នះគណបក្សភឿថៃដែលមានអាសនៈចំនួន ១១២ ដូចគ្នា ប៉ុន្តែមានតែសំឡេងតែ ១០.៨ លានប៉ុណ្ណោះ។ គណបក្ស Bhumjaithai ឈរនៅលេខរៀងទី៣ ឈ្នះបានអាសនៈចំនួន ៦៨ ហើយ Palang Pracharath ស្ថិតនៅលំដាប់ទី៤ ឈ្នះបានអាសនៈចំនួន ៣៩៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: