សហរដ្ឋអាមេរិកច្រានចោលសំណើទិញយន្តហោះចម្បាំង F-35 របស់ប្រទេសថៃ ព្រោះវាទំនើបពេកសម្រាប់ថៃ
- BY
- autoadmin
- May 24, 2023
សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ស្របខ្លួនជាមួយនឹងយន្តហោះទំនើបបែបនេះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Robert F Godec បានជួបជាមួយប្រមុខ RTAF លោក Alongkorn Wannarot ដើម្បីជម្រាបដំណឹងដោយផ្ទាល់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Robert F Godec បាននិយាយថា RTAF មិនមានគ្រឿងបរិក្ខារ ឬត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីផ្ទុកយន្តហោះចម្បាំង F-35 នោះទេ។ យ៉ាងណាក៏ដោយ RTAF ក៏នឹងគ្មានការខូចខាតពីការច្រានចោលនេះដែរ ខណៈការបដិសេធនេះត្រូវបានគេយល់ថា គឺដោយសារតែរដ្ឋបាលរបស់លោក Joe Biden យល់ថាទីក្រុងបាងកក កំពុងងាកទៅរកទីក្រុងប៉េកាំងច្រើនជាង។ RTAF បាននឹងកំពុងជំរុញឱ្យមានការទិញយន្តហោះ F-35 ចំនួន ២ គ្រឿងក្នុងតម្លៃ ៧.៣៨ ពាន់លានបាត ដើម្បីជំនួសយន្តហោះចម្បាំង F-16 ចាស់របស់ខ្លួន។ ប៉ុន្តែលោក Alongkorn ក៏ធ្លាប់បានបង្ហើបពីឆ្នាំមុនថា ឱកាសដែលអាមេរិកយល់ព្រមលក់យន្តហោះនេះគឺមានត្រឹមតែ ៥០% ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






