អន្តរជាតិ

វៀតណាមប្រាប់ឱ្យពលរដ្ឋកុំស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ សន្សំសំចៃថាមពលអគ្គសនី

BY
autoadmin
May 19, 2023

អាជ្ញាធរទីក្រុងហូជីមីញបានណែនាំថា ពលរដ្ឋមិនគួរស្លៀកពាក់ខោអាវស្អាតៗ ដូចជាឈុតអាវធំទៅធ្វើការ ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងថាមពលអគ្គសនី។ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញ កាលពីដើមសប្តាហ៍នេះ បានស្នើឱ្យមានដំណោះស្រាយសម្រាប់ការសន្សំថាមពល នៅពេលរដូវក្តៅចូលមកដល់ រួមទាំងការផ្តល់អនុសាសន៍ឱ្យការិយាល័យ និងអគាររដ្ឋាភិបាល បើក/បិទ ម៉ាស៊ីនត្រជាក់យឺតជាងធម្មតាមួយម៉ោង។ ខ្លួនក៏បានណែនាំឱ្យមានការកាត់បន្ថយការបើកភ្លើងនៅតាមសាលធំ និងទីសាធារណៈ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ជណ្តើរយន្ត ឱ្យបានពាក់កណ្តាលផងដែរ។

វិធានការ​សន្សំ​សំចៃ​ថាមពល​ត្រូវ​បាន​ស្នើ​ឱ្យដំណើរការ​ចាប់ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា។ ការប្រើប្រាស់ថាមពលអគ្គីសនីរបស់វៀតណាមបានកើនឡើង នៅពេលដែលរដូវក្តៅចូលមកដល់ ហើយអាចនឹងបន្តកើនឡើងខ្ពស់រហូតដល់ខែមិថុនា និងខែកក្កដា។ អគ្គិសនីវៀតណាមបាននិយាយថា តម្រូវការនៅទូទាំងប្រទេសបានឈានដល់កម្រិតខ្ពស់បំផុត ៨៩៥ លានគីឡូវ៉ាត់ម៉ោង (kWh) កាលពីថ្ងៃទី០៦ ខែឧសភា ដែលកើនឡើងជាង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឥទ្ធិពលនៃរលកកម្ដៅ El Nino ក៏នឹងអាចបណ្តាលឱ្យមានការខ្វះខាតទឹកធ្ងន់ធ្ងរផងដែរ ហើយវានឹងអាចប៉ះពាល់ដល់ការផលិតអគ្គិសនី។ អ្នកជំនាញណែនាំឱ្យកំណត់សីតុណ្ហភាពម៉ាស៊ីន មិនឱ្យទាបជាងខាងក្រៅលើសពី ១០ អង្សាសេ នោះទេ ដើម្បីសន្សំសំចៃថាមពល៕

អត្ថបទ៖ លីដា
អត្ថបទ៖ VNExpress

Share This Post: