សង្គម

រំភើបជំនួស! ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុសលក់ផ្កា និងប្អូនស្រី ឱ្យរៀនដល់ថ្នាក់ឧត្តមសិក្សា ថែមទាំងជួយឪពុកម្តាយពួកគេ កែសម្រួលមុខរបរឱ្យកាន់តែប្រសើរជាងមុន

BY
srey nuch
May 20, 2023

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានស្វែងរកឃើញក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបងឈ្មោះ រុន ភារម្យ ឃើញហើយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជួយដល់ក្មេងប្រុស និងប្អូនស្រី ឱ្យបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ជាពិសេសនឹងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។ កាលពីល្ងាចមិញនេះ ឆ្លៀតពេលដែលខ្ញុំត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ ខ្ញុំបានអោយក្រុមការងារនាំក្មួយប្រុស និងក្រុមគ្រួសាររបស់គាត់មកជួបខ្ញុំដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសាររបស់គាត់និងពិនិត្យលទ្ធភាពក្នុងការជួយពួកគាត់។ »

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ «ខ្ញុំសូមកោតសរសើរប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មួយៗ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ ខ្ញុំក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)។

ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ខ្ញុំបានសម្រេច៖
១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ

២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។

ខ្ញុំក៏សូមអរគុណដល់លោក លឹម គុណវុធ និងបងប្អូនក្រុមការងារអ.ម.ត ខេត្តបាត់ដំបង ដែលបានជួយស្វែងរកក្មួយប្រុសនិងក្រុមគ្រួសារ និងបានសម្របសម្រួលជំនួបនេះ» ៕

ប្រភព៖ Hun Manet

Share This Post: