សង្គម
យុវជនម្នាក់ចាប់បានមេដាយ ដែលកីឡាករថៃគប់ចោល បាននិយាយថា «មេដាយមានរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឲ្យតម្លៃក៏ដោយ ក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីឡើយ»
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមអស់ជាច្រើនថ្ងៃកន្លងមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃដែលបានប៉ះទង្គិចគ្នា ក្នុងនោះដែរ ឃើញថាមានកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់ អាយុក្រោម ២២ឆ្នាំ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានបង្ហាញកាយវិការមិនសមរម្យ ដោយគប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ។

យ៉ាងណាមិញ ក្រោយហេតុការណ៍បានកើតឡើងរហូតមកដល់មកដល់ពេលនេះ មេដាយប្រាក់ដែលកីឡាករបាល់ទាត់ជម្រើសជាតិថៃគប់នោះ បានរកឃើញហើយគឺត្រូវបានយុវជនខ្មែរម្នាក់ចាប់បាន។
បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Chhay Sathya បានបញ្ជាក់ថា មេដាយប្រាក់ស៊ីហ្គេម ដែលកីឡាករថៃ បានគប់នោះ គឺខ្លួនជាអ្នកទទួលបាន ហើយថែមទាំងសរសេរឃ្លាចាក់ដោតយ៉ាងដូច្នេះថា៖ «មេដាយប្រាក់ SeaGame ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះ វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល» ។



ប្រភព៖ Chhay Sathya
សង្គម
កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ »
កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន នឹងគង់វង្សជានិរន្តរ៍ផងចុះ ៕ »









ប្រភព៖ Sruong Pheavy
សង្គម
សោកស្តាយ! លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ ដោយសារមិនអាចរកដៃគូសហការឧបត្ថម្ភ
(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុមបាល់ទាត់នៅលីគលំដាប់ទីពីរកម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការផ្ដួចផ្ដើមបង្កើតឡើងដោយលោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។

លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។
លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។
ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕



