ម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ប្ដេជ្ញានឹងធ្វើការរឹតបន្តឹងអត្តពលិកដែលចូលសញ្ជាតិ
- BY
- autoadmin
- May 23, 2023
ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ប៉ុន្តែខ្លួនបានបញ្ជាក់ថា នឹងរឹតបន្តឹងចំពោះអត្តពលិកដែលចូលសញ្ជាតិ។ កន្លងមកពួកគេបានចាប់អារម្មណ៍លើការប្រើប្រាស់កីឡាករបរទេសដែលចូលសញ្ជាតិ នៅក្នុងការប្រកួតកីឡារស៊ីហ្គេម ហើយពួកគេសង្ឃឹមថា នឹងអាចផ្លាស់ប្ដូរចលនានេះដើម្បីរារាំងមិនឱ្យភាគីណាមួយអាចមានប្រៀបជាងបាន។

យ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«ប្រទេសនីមួយៗមានគោលការណ៍ខុសៗគ្នា ចំពោះអត្តពលិកចូលសញ្ជាតិ។ យើងត្រូវគោរពចំពោះបញ្ហានេះ។ ព្រោះការប្ដូរសញ្ជាតិដើម្បីប្រកួតកីឡា ក៏មិនមែនជារឿងថ្មីថ្មោងដែរ»។
លោក Chaiyaphak បានបន្ដថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយកីឡាក្នុងស្រុកហើយពង្រឹងលើការប្រកួតប្រជែង កីឡាកម្រិតអន្តរជាតិ ឬអូឡាំពិក។ ពោលគឺកីឡាក្នុងស្រុកនឹងមិនឱ្យមានលើសពី ៤ ប្រភេទ ខណៈមេដាយមាស ក៏មិនអាចច្រើនជាង ៨ នោះដែរ។ លោកបាននិយាយថា បញ្ហាទាំងអស់នេះគួរត្រូវបានដោះស្រាយ បើមិនដូច្នេះទេ វានឹងបន្ដមានជាហូរហែនៅក្នុងស៊ីហ្គេមរហូត៕

អត្ថបទ៖ លីដា
ប្រភព៖ Daily News
- Share This Post:






