ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាគមកីឡាបាល់ទាត់ថៃ បានព្យួរការងារបុគ្គលិក​​​ និងកីឡាករចំនួន ​៥រូប​ ដែលបង្កភាពចលាចលនៅក្នុងការប្រកួតស៊ីហ្គេមកន្លងទៅ

    BY autoadmin May 23, 2023
    សមាគមកីឡាបាល់ទាត់ថៃ បានព្យួរការងារបុគ្គលិក​​​ និងកីឡាករចំនួន ​៥រូប​ ដែលបង្កភាពចលាចលនៅក្នុងការប្រកួតស៊ីហ្គេមកន្លងទៅ

    គណៈកម្មាធិការដែលបង្កើតឡើងដោយសមាគមកីឡាបាល់ទាត់ថៃ ដើម្បីស៊ើបអង្កេតលើភាពចម្រូងចម្រាសនៅក្នុងការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី U22 បានចេញការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើបុគ្គលិក ៣នាក់ និងកីឡាករបាល់ទាត់ ២នាក់ ចំពោះអាកប្បកិរិយារបស់ពួកគេនៅក្នុងការប្រកួតនោះ។

    គណៈកម្មាធិការបានសម្រេចចិត្តព្យួរការងារបុគ្គលិកទាំង ៣ រយៈពេល ១ឆ្នាំ ដោយនិយាយថា អាកប្បកិរិយាបែបនេះមិនអាចទទួលយកបានពីសមាជិកក្រុមជាន់ខ្ពស់ឡើយ។ ចំណែកកីឡាករបាល់ទាត់ចំនួន ២នាក់ ផ្សេងទៀត ត្រូវបានព្យួរការងាររយៈពេល ៦ខែ ដោយបន្ថែមថា ការដាក់ទោសត្រូវបានកាត់បន្ថយដោយសារពួកគេនៅមានអាយុក្រោម ២២ឆ្នាំ នៅឡើយ

    រំលឹកផងដែរថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូណេស៊ី​ នៅ​ក្នុងទីក្រុង​ភ្នំពេញ​របស់ប្រទេសកម្ពុជា បាន​បញ្ចប់​ទៅដោយ​ការ​ប្រឈម​មុខ​គ្នារហូតដល់មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាង​ភាគី​ទាំង​២ ​ហើយកាតក្រហមត្រូវបានដកចេញដល់ទៅ ៧ កាត ទៅកាន់ភាគីទាំងសងខាង។

    សមាគម​បាល់ទាត់​ថៃ​សម្រេច​ដាក់​ពិន័យ​កីឡាករ និង​បុគ្គលិក​របស់​ខ្លួន​ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប៉ះទង្គិចដោយហិង្សានោះ។ ជម្រើសជាតិឥណ្ឌូណេស៊ី​បានឈ្នះថៃ ក្នុងលទ្ធផល​ ៥-២ ហើយវាក៏ជាការឈ្នះមេដាយមាសលើកដំបូងបំផុត ក្នុងរយៈពេល ៣២ សម័យកាលស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៩១ មក៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: