រដ្ឋបាលលោក វ្ល៉ាឌីមៀ ពូទីន ព្យាយាមពង្រឹងទំនាក់ទំនងជាមួយអតីតសាធារណរដ្ឋសូវៀត និងចិន ចំពេលមានភាពតានតឹងខ្លាំងជាមួយលោកខាងលិច
- BY
- Lyda
- May 25, 2023
រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងពង្រឹងទំនាក់ទំនងជាមួយអតីតសាធារណរដ្ឋសូវៀត និងចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ លោកពូទីន បានថ្លែងសុន្ទរកថា នៅឯវេទិកានៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ដោយបាននិយាយថាថា អ្នកជំនាញបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។ ប៉ុន្តែគាត់បាននិយាយថា៖«មិនមានអ្វីកើតឡើង ឬកំពុងកើតឡើងនៅពេលនេះទេ ហើយច្បាស់ណាស់ថានឹងមិនអាចកើតឡើងបាន»។
ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko និងមេដឹកនាំនៃប្រទេសចំនួន ៤ ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកចូលរួម។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។ លោក Mishustin បាននិយាយថា រុស្ស៊ី និងចិន កំពុងឈររួមគ្នាប្រឆាំងនឹងការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការប្រើប្រាស់នូវអ្វីដែលលោកហៅថាទណ្ឌកម្មខុសច្បាប់ ដើម្បីរក្សាឥទ្ធិពលរបស់ពួកគេលើពិភពលោក។
ប្រទេសលោកខាងលិចបាននិងកំពុងបង្ហាញថា ពួកគេកំពុងរួមដៃគ្នា។ ជាក់ស្ដែង នៅឯកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ពួកគេបានប្រកាសថា ពួកគេនឹងផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: