ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងគ្មានការដាក់ពិន័យលើក្រុមជម្រើសជាតិនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានអន្តរាគមន៍
- BY
- Lyda
- May 25, 2023
ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនធ្វើការដាក់ពិន័យលើក្រុមកីឡាករនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានការអន្តរាគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ រំលឹកផងដែរថា ភាពចលាចលយ៉ាងធំបានផ្ទុះឡើង នៅក្នុងជំនួបការប្រកួតបាល់ទាត់អាយុក្រោម ២២ឆ្នាំ រវាងជម្រើសជាតិឥណ្ឌូណេស៊ី និងថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ។ ភាគីថៃបានចេញសារបង្ហាញពីការខកចិត្ត ហើយបានបើកការស៊ើបអង្កេត និងបានព្យួរការងារបុគ្គលិក និងកីឡាករដែលពាក់ព័ន្ធផងដែរ។
យ៉ាងណាមិញថ្មីៗនេះ លោក Eric Thohir ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងមិនមានការពិន័យដល់កីឡាករ និងបុគ្គលិកណាម្នាក់ឡើយ។ លោកថា៖«ខ្ញុំបានឃើញការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់ថៃ វាជាបញ្ហារបស់ប្រទេសនោះ។ យើង (ឥណ្ឌូនេស៊ី) នឹងមិនពិន័យអ្វីទាំងអស់ យើងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ព្រោះនេះគឺជាមេរៀនដែលកីឡាករបាល់ទាត់បានទទួលរួចហើយ។ វានឹងត្រូវបានលើកឡើង សម្រាប់ការកែប្រែបន្ថែមទៀត។ យើងនៅតែមានទំនាក់ទំនងល្អជាមួយក្រុមក្នុងតំបន់អាស៊ាន។ មិនថាថៃ ឬវៀតណាមទេ»៕
អត្ថបទ៖ លីដា
ប្រភព៖ Thairath
- Share This Post: