អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តដែលបញ្ជូនទៅសហរដ្ឋអាមេរិកទាំងអស់ ដោយសារហានិភ័យផ្នែកសន្តិសុខ

BY
autoadmin
May 25, 2023

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តដំបូងរបស់ខ្លួនទាំងអស់ ដែលខ្លួនបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការព្រមានពាក់ព័ន្ធនឹងសុវត្ថិភាព ដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTS)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ NHTS បាននិយាយថា VinFast កំពុងប្រមូលម៉ូដែល VF8 ទាំង ៩៩៩ គ្រឿង ត្រឡប់ទៅវិញ ដោយសារតែមានកំហុស software នៅលើអេក្រង់បង្ហាញ ដែលរារាំងព័ត៌មានសុវត្ថិភាពសំខាន់ៗ ហើយអាចបង្កើនហានិភ័យប៉ះទង្គិចគ្នា។

ទាក់ទង​ទៅ​នឹង​បញ្ហានេះ អ្នក​នាំពាក្យ​ក្រុមហ៊ុន VinFast បាន​បញ្ជាក់​ពី​ការ​ប្រមូល​មក​វិញ ហើយ​បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​ចេញ​ការ​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ នៅក្នុងឯកសារដែលបានដាក់ទៅ NHTSA ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនបានដឹងជាលើកដំបូងអំពីបញ្ហានេះ នៅថ្ងៃទី២៧ ខែមេសា ខណៈពេលដែលកំពុងអានមតិយោបល់ និងកង្វល់របស់អតិថិជន។ VinFast ដែលបង្កើតឡើងក្នុងឆ្នាំ២០១៧ ហើយបានចាប់ផ្តើមលក់រថយន្តអគ្គីសនី EV នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ រហូតមកដល់ពេលនេះ បានដឹកជញ្ជូនរថយន្តអគ្គិសនីជាង ២,០០០ គ្រឿង ទៅសហរដ្ឋអាមេរិក។ ពួកគេ​កំពុង​ស្វែង​រក​ការ​ចុះ​បញ្ជី​នៅ​សហរដ្ឋ​អាមេរិក ​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន Black Spade Acquisition Co៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: