បារាំងនឹងបើកសវនាការកាត់ទោសជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធនឹងមរណភាពជនជាតិវៀតណាម ៣៩នាក់ ក្នុងឡានដឹកទំនិញនៅអង់គ្លេសកាលពីឆ្នាំ២០១៩
- BY
- Lyda
- May 25, 2023
តុលាការរបស់ប្រទេសបារាំងនឹងធ្វើការកាត់ទោសជនសង្ស័យ ១៩នាក់ ជុំវិញផែនការរត់ពន្ធមនុស្ស ដែលនាំឱ្យមានការស្លាប់យ៉ាងអាណោចអាធ័ម ចំពោះជនជាតិវៀតណាមចំនួន ៣៩ នាក់ កាលពីឆ្នាំ២០១៩។ ជនជាតិវៀតណាមចំណាកស្រុកទាំងអស់នោះ បានស្លាប់ដោយសារថប់ដង្ហើម ស្របពេលកំពុងបញ្ជូនទៅកាន់ប្រទេសអង់គ្លេស នៅក្នុងឡានដឹកទំនិញខ្នាតធំមួយគ្រឿង។ ពីរនាក់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ក្នុងសោកនាដកម្មនោះ មានអាយុត្រឹមតែ ១៥ឆ្នាំប៉ុនណោះ។
សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញនៅកំពង់ផែមួយ នៅជិតទីក្រុងឡុងដ៍ កាលពីខែតុលា ឆ្នាំ២០១៩។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារប៉ុន្មានថ្ងៃមុននេះ ចៅក្រមបារាំងដែលស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បានបញ្ជាឱ្យកាត់ទោសជនជាប់ចោទចំនួន ១៩នាក់ ដែលមានអាយុចន្លោះពី ២១ ទៅ ៥៨ឆ្នាំ ជុំវិញសោកនាដកម្មនេះ។ ប្រភពបានបន្ថែមទៀតថា ការស៊ើបអង្កេតជាសកលបង្ហាញថា ជនសង្ស័យភាគច្រើនជាជនជាតិវៀតណាម បារាំង ចិន អាល់ហ្សេរី និងម៉ារ៉ុក ដែលធ្វើការជាបណ្តាញដ៏ធំមួយ រត់ពន្ធមនុស្សពីប្រទេសវៀតណាមទៅកាន់អឺរ៉ុប។
ជនសង្ស័យទាំងអស់នោះ នឹងត្រូវកាត់ទោសពីបទសម្របសម្រួលការចូលខុសច្បាប់ឱ្យជនចំណាកស្រុក រៀបចំការស្នាក់នៅលើទឹកដីបារាំងដោយខុសច្បាប់ និងសហការគ្នាក្នុងគោលបំណងប្រព្រឹត្តបទឧក្រិដ្ឋ ដែលអាចឱ្យពួកគេជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ៤នាក់ ក្នុងចំណោមពួកគេ ក៏នឹងត្រូវកាត់ទោសពីបទឃាតកម្ម ចំពោះការខកខានក្នុងការធានានូវកាតព្វកិច្ចថែទាំក្នុងអំឡុងពេលប្រតិបត្តិការរត់ពន្ធ ដែលអាចនាំឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
វាមិនមែនជាលើកទី១ ទេ ដែលជនសង្ស័យពាក់ព័ន្ធនឹងករណីស្លាប់របស់ជនជាតិវៀតណាមទាំង ៣៩ នាក់ ត្រូវបានគេបើកសវនាការកាត់ទោស។ ពួកគេត្រូវបានតុលាការមកពីប្រទេសនៅអឺរ៉ុបផ្សេងៗគ្នា បានធ្វើការកាត់ទោស ហើយទំហំនៃការដាក់ពន្ធនាគារក៏មានភាពខុសៗគ្នាផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post: