ប្រទេសថៃកំពុងពិចារណាជាថ្មីម្ដងទៀត ចំពោះការគិតថ្លៃ ៩ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ
- BY
- Lyda
- May 26, 2023
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនឹងត្រូវធ្វើការសម្រេចចិត្តថា តើពួកគេត្រូវគិតថ្លៃពីភ្ញៀវទេសចរបរទេស ឬអត់។ ការពិតទៅ រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមានគម្រោងប្រមូលថ្លៃទេសចរណ៍ពីភ្ញៀវអន្តរជាតិ ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ ដោយកំណត់ថា អ្នកដំណើរដែលមកដល់ប្រទេសថៃតាមយន្តហោះត្រូវបង់ថ្លៃសេវា ៣០០ បាត (ជិត ៩ ដុល្លារ) ចំណែកអ្នកដែលចូលតាមផ្លូវគោក ឬសមុទ្រ ត្រូវបង់ថ្លៃត្រឹមតែ ១៥០ បាត។
ប៉ុន្តែសំណើនេះមិនត្រូវបានចុះផ្សាយ Royal Gazette នោះទេ ដែលមានន័យថា បទប្បញ្ញត្តិនៅមិនទាន់ចូលជាធរមានក្នុងរយៈពេលដែលបានកំណត់ឡើយ។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ រដ្ឋាភិបាលថៃថ្មីរំពឹងថា នឹងវាយតម្លៃផែនការឡើងវិញ ហើយនឹងកំណត់ថា តើត្រូវបន្ត ពន្យារពេល ឬផ្លាស់ប្តូរជម្រើសនៃការប្រមូលប្រាក់។ ទន្ទឹមនឹងនេះ សមាគមសណ្ឋាគារថៃរាយការណ៍ថា ម្ចាស់សណ្ឋាគារភាគច្រើនពេញចិត្តក្នុងការពន្យារពេលប្រមូលថ្លៃភ្ញៀវរហូតដល់ឆ្នាំក្រោយ នៅពេលដែលអាជីវកម្មទេសចរណ៍ងើបឡើងវិញកាន់តែប្រសើរ។
គួរឱ្យដឹងដែរថា មុនពេលមានការរាតត្បាតពីជំងឺ COVID-19 វិស័យទេសចរណ៍ គឺជាសសរសេដ្ឋកិច្ចចម្បងរបស់ប្រទេសថៃ ដែលរួមចំណែក ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ប្រទេសថៃបានសម្រេចគោលដៅ ១ ភាគ ៣ នៅឆ្នាំនេះរួចហើយ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០ លាននាក់ និងរកចំណូលបានជាង ១១.៣ ពាន់លានដុល្លារ៕
អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post: