ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់លោក Elon Musk ទទួលបានការយល់ព្រមពី FDA សម្រាប់ការធ្វើតេស្តលើមនុស្ស

    BY autoadmin May 26, 2023
    ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់លោក Elon Musk ទទួលបានការយល់ព្រមពី FDA សម្រាប់ការធ្វើតេស្តលើមនុស្ស

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់លោក Elon Musk បានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាផ្លូវការ ដែលវានឹងបើកផ្លូវឱ្យ Neuralink អាចធ្វើតេស្តបន្ទះឈីបរបស់ខ្លួននៅលើមនុស្សជាលើកដំបូងបំផុត។ ក្រុមហ៊ុននេះចង់ជួយស្តារចក្ខុវិស័យ និងការចល័តរបស់មនុស្ស តាមរយៈការភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានផែនការភ្លាមៗ ដើម្បីចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តធ្វើតេស្ដនោះទេ។

    គួររំលឹកផងដែរថា ការដាក់ស្នើពីមុនរបស់ក្រុមហ៊ុន Neuralink ដើម្បីឈ្នះការយល់ព្រមពី FDA ត្រូវបានបដិសេធ ដោយហេតុផលសុវត្ថិភាព នេះបើយោងតាមរបាយការណ៍នៅក្នុងខែមីនា ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

    ក្រុមហ៊ុន Neuralink សង្ឃឹម​ថា ​នឹង​ប្រើ​មីក្រូ​ឈីប​របស់​ខ្លួន ​ដើម្បី​ព្យាបាល​លក្ខខណ្ឌ​ដូចជា ​ខ្វិន​ និង​ពិការ​ភ្នែក​ និង​ជួយ​ជន​ពិការ​ខ្លះ ​ឱ្យ​ប្រើ​កុំព្យូទ័រ​ និង​បច្ចេកវិទ្យា​ទូរសព្ទ។ បន្ទះឈីប ដែលធ្លាប់ត្រូវបានសាកល្បងនៅក្នុងសត្វស្វា ត្រូវបានរចនាឡើងដើម្បីបកស្រាយសញ្ញាដែលផលិតនៅក្នុងខួរក្បាល និងបញ្ជូនព័ត៌មានទៅកាន់ឧបករណ៍តាមរយៈប៊្លូធូស។ លោក Musk ក៏ធ្លាប់បានស្នើដែរថា បច្ចេកវិទ្យាដែលបានស្នើឡើង អាចជួយបន្ធូរបន្ថយការព្រួយបារម្ភថា មនុស្សនឹងត្រូវជំនួយដោយ AI ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: