អន្តរជាតិ

បុរសម្នាក់ត្រូវបានគេចាប់ខ្លួន ពីបទបើកទ្វារអាសន្នរបស់យន្តហោះក្រុមហ៊ុន Asiana Airlines ខណៈពេលកំពុងចុះចត

BY
autoadmin
May 26, 2023

បុរសក្នុងវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបើកទ្វារអាសន្នរបស់យន្តហោះមួយគ្រឿង ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង ខណៈពេលដែលយន្ដហោះកំពុងចុះចត។ ជើងហោះហើរលេខ OZ8124 បានហោះចេញពីកោះ Jeju នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu។ អ្នកដំណើរទាំងអស់ ១៩៤នាក់ មិនបានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរជាច្រើនបានជួបប្រទះបញ្ហាដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្វារអាសន្នរបស់យន្តហោះនៅផ្នែកខាងក្រោយ ត្រូវបានគេប្រទះឃើញថា បានបើក នៅម៉ោង ១២:៤៥ ថ្ងៃត្រង់។ វីដេអូអ្នកដំណើរដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីចំណុចដែលទ្វារបានបើក ហើយមានខ្យល់បក់បោកខ្លាំងដល់អ្នកដំណើរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារក្នុងវ័យជាសិស្សជាច្រើននាក់បាននៅលើយន្តហោះនោះ ក្នុងដំណើររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាចុងសប្តាហ៍នេះ។ ឪពុកម្តាយរបស់សិស្សម្នាក់បានប្រាប់សារព័ត៌មាន Yonhap ថា៖«ក្មេងៗញ័រខ្លួន យំ និងភ័យខ្លាច»។ ខណៈក្រុមហ៊ុនអាកាសចរណ៍ Asiana បាននិយាយថា ប៉ូលីសបានបើកការស៊ើបអង្កេតពេញលេញលើបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: