ជប៉ុននឹងចាប់ផ្ដើមស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H5N1 សម្រាប់មនុស្ស ១០ លាននាក់
- BY
- Lyda
- May 26, 2023
ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។
ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែករណីឆ្លងមកមនុស្សរបស់ H7N9 មិនត្រូវបានគេរាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។
ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួងមានគោលដៅស្តុកថ្នាំបង្ការ H5N1 សម្រាប់មនុស្សប្រមាណ ១០ លាននាក់៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: