អ្នកបើកតាក់ស៊ីថៃម្នាក់ត្រូវបានផាកពិន័យ និងព្យួរប័ណ្ណបើកបរ ៣ខែ ដោយសារគិតលុយហួសហេតុពីអ្នកដំណើរ
- BY
- autoadmin
- May 31, 2023
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ បានផាកពិន័យអ្នកបើកតាក់ស៊ីម្នាក់ចំនួន ២,០០០ បាត (ជិត៦០ដុល្លារ) និងបានព្យួរប័ណ្ណបើកបររយៈពេល ៩០ថ្ងៃ ដោយសារគាត់បានគិតលុយហួសហេតុពេក ពីអ្នកដំណើរជនជាតិតៃវ៉ាន់។ អ្នកបើកតាក់ស៊ីឈ្នោះ Kittipong ត្រូវបានកោះហៅឱ្យទៅជួបមន្ត្រីអធិការកិច្ចដឹកជញ្ជូនរបស់នាយកដ្ឋាន។ អ្នកបើកបររូបនោះបានធ្វើការសារភាពកំហុសរបស់ខ្លួន និងរៀបរាប់ថា គាត់បានដឹកអ្នកដំណើរតៃវ៉ាន់ម្នាក់ពី Impact Arena Muang Thong Thani ក្នុងខេត្ត Nonthaburi ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើង Bangpho MRT ។

ចម្ងាយដែលបានជិះគឺ ១៣ គីឡូម៉ែត្រ ហើយតម្លៃធ្វើដំណើរគឺអស់ប្រហែល ១៦០ បាតប៉ុណ្ណោះ ប៉ុន្តែលោក Kittipong មិនព្រមប្រើម៉ែត្រវាស់គីឡូទេ ហើយទាមទារថ្លៃជិះ ២,០០០ បាត។ អ្នកដំណើរបានកត់ត្រាការធ្វើដំណើរ ការសន្ទនា ឯកសណ្ឋានរបស់គាត់ ហើយបានបង្ហោះវានៅលើបណ្ដាញ TikTok។ វីដេអូនោះ ក៏បានទាក់ទាញមតិអវិជ្ជមានពីអ្នកលេង TikTok ដោយពួកគេបានរិះគន់អ្នកបើកបរថា គិតលុយលើសគីឡូផ្លូវ និងថែមទាំងមិនពាក់ឯកសណ្ឋានអ្នកបើកតាក់ស៊ី។ ប្រសិនបើគាត់ប្រព្រឹត្តល្មើសម្តងទៀត ប័ណ្ណបើកបររបស់គាត់នឹងត្រូវដកហូត។ នាយកដ្ឋានជំរុញឱ្យសាធារណជន ដែលបានឃើញបទល្មើសដែលប្រព្រឹត្តដោយអ្នកបើកតាក់ស៊ី ត្រូវដាក់ពាក្យបណ្ដឹង ដោយការទូរស័ព្ទទៅលេខ ១៥៨៤ និងកំណត់អត្តសញ្ញាណយានយន្តតាមស្លាកលេខតាក់ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ ThaiPBSWorld
- Share This Post:






