នាយករដ្ឋមន្រ្តីសិង្ហបុរីបានឆ្លងជំងឺកូវីដ១៩ជាថ្មីម្ដងទៀត ក្រោយទើបតែអវិជ្ជមានមិនបានប៉ុន្មានថ្ងៃ
- BY
- autoadmin
- June 1, 2023
នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 សាជាថ្មីម្តងទៀត ក្រោយទើបតែបានតេស្ដអវិជ្ជមាន កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ គាត់បានធ្វើតេស្ដវិជ្ជមានលើកដំបូងនៅថ្ងៃទី២២ ខែឧសភា ហើយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ជំងឺរបស់គាត់ក៏បានត្រឡប់ជាអវិជ្ជមានវិញ ប៉ុន្តែឥឡូវនេះវាបានវិជ្ជមានម្ដងទៀត។

លោក Lee បាននិយាយនៅក្នុងហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះថា៖«ខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែគួរឱ្យស្ដាយខ្ញុំបានវិជ្ជមានជាមួយ COVID-19 ម្តងទៀត។ គ្រូពេទ្យរបស់ខ្ញុំនិយាយថា វាជាការឆ្លងម្ដងទៀត ដែលកើតឡើងក្នុងចំណោម ៥ ទៅ ១០% នៃអ្នកជំងឺ»។
នាយករដ្ឋមន្ត្រីដែលមានអាយុ ៧១ឆ្នាំរូបនេះ បានបន្ថែមថា គាត់នៅតែអាចឆ្លង ទោះបីជាហានិភ័យមិនខ្ពស់ជាងការឆ្លងដំបូងក៏ដោយ។ គាត់បាននិយាយថា គ្រូពេទ្យរបស់គាត់បានណែនាំគាត់ឱ្យនៅដាច់ដោយឡែករហូតដល់គាត់ធ្វើតេស្តអវិជ្ជមាន ដោយប្រើតេស្តអង់ទីហ្សែនរហ័ស (ART)។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា លោក Lee នឹងសម្រាកព្យាបាលនៅផ្ទះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






