សង្គម

កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់

BY
srey nuch
June 2, 2023

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ »

កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន នឹងគង់វង្សជានិរន្តរ៍ផងចុះ ៕ »

ប្រភព៖ Sruong Pheavy

Share This Post: