ចិនចោទអាមេរិកថា មានបំណងចង់រារាំងការីកចម្រើនក្នុងវិស័យបច្ចេកវិទ្យារបស់ខ្លួន
រដ្ឋាភិបាលចិនបានធ្វើការចោទប្រកាន់ថា អាមេរិកមានបំណងចង់រារាំងការីកចម្រើនក្នុងវិស័យបច្ចេកវិទ្យារបស់ខ្លួន ដែលការចោទប្រកាន់នេះត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិកបាននិយាយថា ប្រព័ន្ធទូរស័ព្ទចល័តរបស់ចិន បានធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសមួយចំនួន។ កន្លងមករដ្ឋបាលរបស់លោក Donald Trump ក៏ធ្លាប់បានធ្វើការចោទប្រកាន់ដែរថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដែលមានមូលដ្ឋាននៅក្រៅស្រុកនោះមាននិន្នាការប្រមូលយកអ្នកចេះដឹងទៅប្រើប្រាស់ដើម្បីយកការសម្ងាត់នៅក្នុងប្រទេសទាំងនោះផងដែរ។
ថ្មីៗនេះទៀតសោធ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅក្នុងប្រទេសអាឡឺម៉ង់ថា សូមបណ្តាប្រទេសទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្លាំងមែនទែន មុននឹងសម្រេចធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ព្រោះចិនអាចបញ្ជូនអ្នកស៊ើបការសង្ងាត់មកតាមរយៈក្រុមហ៊ុនទាំងនោះ ដើម្បីធ្វើកិច្ចការនយោបាយជាច្រើនទៀត។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei កំពុងស្វែងរកដៃគូសហការក្នុងបង្កើតប្រព័ន្ធអ៊ីនធឺណិត 5G ដែលជាប្រព័ន្ធអ៊ីនធឺណតល្បឿនលឿនជាងគេក្នុងពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុន Huawei ក៏ជាក្រុមហ៊ុនប្រជែងគ្នាជាមួយនឹងក្រុមហ៊ុនទូរស័ទ្ទអាមេរិកដ៏ធំគឺក្រុមហ៊ុន Apple ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ msn