សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
រាជរដ្ឋាភិបាលកម្ពុជា សម្រេច បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាប្រធាន នេះបើយោងតាមសេចក្តីសម្រេចមួយ ដែលចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការនេះ មានសមាសភាព២៣រូប។ យោងតាមប្រការ២នៃសេចក្តីសម្រេច គណៈកម្មការ មានភារកិច្ចដូចខាងក្រោមនេះ៖
-ពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
-សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
-សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដីដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
-សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ
-ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង
-ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ
-ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយកដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច៕




អត្ថបទ៖ ណារ៉ែន