ឧកញ៉ា ស្រី ចាន់ថន ជួយកសាងកន្លែងហ្វឹកហាត់ក្លឹបសសីគុនខ្មែរនៅស្រុកមុខកំពូល ខេត្តកណ្ដាលរួចរាល់ជាស្ថាពរ
- August 17, 2023
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រោងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៃក្លឹបសសីគុនខ្មែរ ដែលស្ថិតឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល របស់លោកគ្រូ សរ សី ត្រូវបានកសាងជាថ្មី ក្រោមការឧបត្ថម្ភគាំទ្រពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារគុនខ្មែរ KKIF បានប្រគល់ថវិកាដែលបានចំណាយលើការសាងសង់ទីកន្លែងហ្វឹកហាត់ជូន(ក្លឹបសសីគុនខ្មែរ)រួចរាល់ហើយ បន្ទាប់ពីការសាងនោះត្រូវបានបញ្ចប់ជាស្ថាពរ។ លោកឧកញ៉ា ស្រី ចាន់ថន គូសបញ្ជាក់ថា ទោះបីជាការឧបត្ថម្ភនេះមិនច្រើនក៏ពិតមែន ប៉ុន្តែនេះក៏អាចជួយសម្រាលទុក្ខលំបាករបស់ក្លឹបបានមួយកម្រិត ដោយសង្ឃឹមថាប្អូនៗកីឡាករប្រដាល់បន្តការខិតខំព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីមុខមាត់គុនខ្មែររបស់យើងទាំងអស់គ្នា។
បើតាមការបញ្ជាក់ពីក្រុមការងារក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថា រោងហ្វឹកហាត់ពីមុនមានសភាពទ្រុឌទ្រោមខ្លាំង ដោយមើលឃើញការលំបាក ក្នុងការបង្ហាត់បង្រៀនសិស្សគុន ដើម្បីការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនជាតិនោះ ទើបលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជួយជ្រោមជ្រែងកសាងកន្លែងហ្វឹកហាត់ដល់ក្លឹបរបស់លោកគ្រូ សរ សី៕
- Share This Post: