ដើរមួយថ្ងៃឲ្យបាន ១០,០០០ជំហានធានាថា បានរាងស្អាត អត់មានក្បាលពោះឡើយ
លោកអ្នកប្រាកដជាធ្លាប់បានដឹងហើយថា ការដើរគឺជាលំហាត់ប្រាណដ៏ល្អមួយ តែប្រហែលជាមានមនុស្សមួយចំនួន មិនបានដឹងថា ច្បាស់ទេថា កម្រិតនៃដើរប៉ុណ្ណាអាចផ្តល់គុណប្រយោជន៍បានប៉ុណ្ណា ឬគុណប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ។ បើយោងតាមការសិក្សាមួយបានរកឃើញថា ប្រសិនបើលោកអ្នកដើរបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃ (លោកអ្នកអាចវាស់ជំហ៊ាននេះបានតាមរយៈឆែកមើលកម្មវិធីសុខភាពក្នុងទូរស័ព្ទដៃ) លោកអ្នកនឹងទទួលបានគុណប្រយោជន៍ដូចខាងក្រោមនេះ៖

១.ដុតរំលាយខ្លាញ់៖ ការដើរបាន ១ ម៉ឺនជំហ៊ានគឺអាចដុតរំលាយថាមពលក្នុងរាយកាយបាន ៣,៥០០ កាឡូរី។ ហើយជាទូទៅបរិមាណកាឡូរីចំនួន ៣,៥០០ នេះ អាចកើតមានក្នុងរាងកាយ បន្ទាប់ពីលោកអ្នកញ៉ាំអាហារច្រើនលើសពីតម្រូវការរបស់រាងកាយមួយសប្តាហ៍ឯណោះ។
២.ទម្ងន់ខ្លួន៖ ក្នុងករណីដែលលោកអ្នកជាមនុស្សធាត់ស្រាប់ ការដើរក្នុងរយៈជំហ៊ានដូចនេះគឺអាចជួយសម្រកទម្ងន់របស់លោកអ្នកបានយ៉ាងឆាប់រហ័ស តែបើក្នុងករណីដែលលោកអ្នកជាមនុស្សមិនធាត់នោះ វានឹងជួយរក្សាទម្ងន់ខ្លួនរបស់លោកអ្នកឲ្យនៅថេរជានិច្ច។
៣.ល្បឿន និងចម្ងាយ៖ ការដើរឲ្យបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃគឺការបង្កើតទម្លាប់ដើរដ៏អស្ចារ្យមួយ ដែលជួយឲ្យលោកអ្នកដើរបានលឿនជាងមុន ឬដើរបានឆ្ងាយជាងមុនក្នុងករណីដែលលោកអ្នកប្រើពេលដែលបានកំណត់ដដែល។
៤.ជាការជំនួសដោយការតបមអាហារយ៉ាងមានប្រសិទ្ធភាព៖ អ្នកខ្លះបានព្យាយាមតមអាហារ ដែលខ្លួនចូលចិត្តគ្រប់ប្រភេទជំនួសដោយការញ៉ាំតែបន្ថែ ឬញ៉ាំក្នុងបរិមាណតិច ដើម្បីរក្សាទម្ងន់ខ្លួន តែបើលោកអ្នកអាចបង្កើតទម្លាប់ដើរឲ្យបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃ លោកអ្នកប្រហែលជាមិនចាំបាច់ពិបាកតមអាហារនោះទេ ព្រោះការដើរនឹងជួយដុតបំផ្លាញកាឡូរីដែលលោកអ្នកបានញ៉ាំលើសពីតម្រូវការរបស់រាងកាយនោះ។
៥.ដើម្បីទម្លាប់ដើរឲ្យបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃ លោកអ្នកត្រូវតែបង្កើតទម្លាប់ដើរឲ្យបាន ១០ ជំហ៊ាន ១០០ ជំហ៊ាន ១,០០០ ជំហ៊ានជាមុនសិន មិនអាចចាប់ផ្តើមឡើងដើរបាន ១ ម៉ឺនជំហ៊ានភ្លាមនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ fitnessandpower