អន្តរជាតិ

ប្រទេសចិនបានចេញអាសន្នពណ៌ក្រហម ខណៈព្យុះទីហ្វុង Saola បានបោកបក់ទៅជិតដល់ឆ្នេរសមុទ្រភាគអាគ្នេយ៍

BY
autoadmin
August 31, 2023

ចិនបានចេញការព្រមានអំពីព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ខណៈព្យុះទីហ្វុង Saola បានបោកបក់ទៅជិតដល់ឆ្នេរសមុទ្រភាគអាគ្នេយ៍ ដោយគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តក្វាងទុង។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញអាសន្នពណ៌ក្រហមនៅម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) ខណៈព្យុះ Saola បច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃខេត្តក្វាងទុង ហើយក្រោយមនឹងផ្លាស់ទីទៅភាគពាយព្យ ឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រ/ម៉ោង ដោយចូលទៅជិតឆ្នេរក្វាងទុង បន្ទាប់មកនឹងចុះខ្សោយបន្តិចម្តងៗ។ ល្បឿន​ខ្យល់​នៅ​ម៉ោង ​៩​ព្រឹក​ មាន​ល្បឿន​ ២០៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មជ្ឈមណ្ឌលបាននិយាយថា Saola នឹងចុះមកដល់កាត់តាមឆ្នេរសមុទ្រនៅចំណុចណាមួយពីខោនធី Huilai ក្នុងខេត្តក្វាងទុង ទៅកាន់ទីក្រុងហុងកុង នៅរសៀលថ្ងៃទី០១ ខែកញ្ញា។ ក្រុមហ៊ុន China Railway បានធ្វើការផ្អាកខ្សែរថភ្លើងសំខាន់ៗមួយចំនួន ហើយទីក្រុងសៀងហៃ ក៏បានបញ្ឈប់រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅកាន់ខេត្តក្វាងទុង។ ខណៈ Saola ខិតទៅជិតខេត្តក្វាងទុង ខ្យល់បក់លើតំបន់នឹងកាន់តែខ្លាំងបន្តិចម្តងៗ ហើយអ្នកសង្កេតការណ៍នៅហុងកុងបាននិយាយថា ពួកគេនឹងដាក់សញ្ញាខ្យល់ខ្លាំងដល់កម្រិតទី៣ ដែលជាកម្រិតខ្សោយបំផុតទី២ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមសង្កេតការណ៍ហុងកុងបានកត់សម្គាល់ដោយប៉ាន់ស្មានថា Saola បច្ចុប្បន្នមានចម្ងាយប្រហែល ៤៤០ គីឡូម៉ែត្រពីទីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: