ក្មេងស្រីតូចម្នាក់ តស៊ូជិះគំនរសំរាមលាយស្នោឆ្លងទឹកទៅសាលារៀន ត្រូវបានអភិបាលថ្មីខេត្តសៀមរាប ចុះទៅជួបដល់ផ្ទះព្រមទាំងផ្ដល់អំណោយ និងថវិកា
- September 2, 2023
ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក កុមារីម្នាក់ឈ្មោះ ឆុង គន្ធា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយសារសុំទូកគេជិះជាមួយ តែគេមិនឱ្យជិះ ក៏សម្រេចយកសំបកកំប៉ុង លាយសំរាមនិងស្នោ ធ្វើជាទូកដើម្បីឆ្លងទឹកទៅសាលារៀន កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ឃើញហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដែលកុមារីរូបនេះ ចេះតស៊ូធ្វើយ៉ាងណាឱ្យតែបានទៅសាលារៀន ព្រោះខ្លួនចង់ទៅរៀនដូចកូនគេដទៃទៀតដែរ។
បន្ទាប់ពីបានមើលឃើញនូវការលំបាក និងការតស៊ូរបស់កុមារី ឆុង គន្ធា ហើយ អភិបាលថ្មីខេត្តសៀមរាបបានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដើម្បីពិនិត្យផ្ទាល់ ព្រមទាំងផ្តល់អំណោយ ថវិកាមួយចំនួនផងដែរ។
បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយ ឈ្មោះ Veasna Lay បានឱ្យដឹងថា៖ «ឯកឧត្តម ប្រាក់ សោភ័ណ បានជួបកុមារី ជិះ ស្នោ ឆ្លងទឹកដើម្បីទៅសាលារៀននោះហើយ។ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកពួក បានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដែលរស់នៅជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រនៃស្រុកពួកខេត្តសៀមរាប។ ការយកចិត្តទុកដាក់និងស្នាមញញឹមរបស់អភិបាលខេត្តសៀមរាប អាចធ្វើឲ្យកុមារីរូបនេះកាន់តែមានសង្ឃឹមនិងមានភាពតស៊ូក្នុងឆាកជីវិតដើម្បីអនាគតដ៏ល្អផងដែរ៕ »
ប្រភព៖ Veasna Lay
- Share This Post: