ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គ្រោងនឹងសាងសង់ផ្លូវឡូរី ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅក្នុងតំបន់ «រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ»
- BY
- srey nuch
- September 29, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហើបពីគម្រោងថ្មីមួយ គ្រោងនឹងសាងសង់ផ្លូវឡូរីប្រវែង ១០.០០០ម៉ែត្រ ទាំងទៅ និងមក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន។
តាមរយៈការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន វេលាម៉ោង៨ព្រឹក នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រជុំនិងចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយ ក្រុមការងារសាងសង់ផ្លូវឡូរីប្រវែង៥.០០០ម៉ែត្រទៅ និង៥.០០០ម៉ែត្រមកសរុបទៅមក១០.០០០ម៉ែត្រ(10km) គំរោងបង្កើតអោយមានឡូរីចំនួន ៥០គ្រឿងជាបឋមសិន នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ។»
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមទៀតថា៖ «ដោយសារតែការងារសាងសង់ផ្លូវរត់ឡូរីត្រូវសាងសង់ឆ្លងកាត់ ជ្រោះជ្រងជ្រលងដងអូឡើងចុះជាច្រើនកន្លែង ដូច្នេះហើយការងារសាងសង់នេះអាចនិងត្រូវប្រើពេលប្រមាណជាដប់ទៅដប់ពីរខែទើបអាចរួចរាល់ជាស្ថាពរ ក្រោយពេលចាប់ផ្តើមដំណើរការ ប្រិយមិត្តយើងនិងអាចបានមកជិះឡូរី លេងកម្សាន្តព្រមទាំងគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធជាក់ជាមិនខានឡើយ» ៕
ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី
- Share This Post: