ហេតុអ្វីបានប្រាសាទអង្គរវត្តបែរទៅទិសខាងលិច ខុសពីប្រាសាទដទៃ ដែលបែរទៅទិសខាងកើត?
- March 29, 2019
ថ្ងៃនេះក្រុមការងារខ្មែរណូត លើកយកពីចំនុចពិសេសមួយចំនួនអំពីស្ថាបត្យកម្មអង្គរអោយបានដឹងខ្លះ អំពីការកសាងប្រាសាទអង្គរវត្ត។ អ្នកទាំងអស់គ្នាមាន ដែលចំណាំទេថា ប្រាសាទខ្មែរយើងទាំងអស់សុទ្ធសឹងតែបែទៅទិសខាងកើត ប៉ុន្តែប្លែកអីតែប្រាសាទអង្គរវត្តបែរទៅទិសខាងលិច។ ក្នុងចំនុចនេះ មានគេលើកឡើង និងបកស្រាយផ្សេងៗគ្នាពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាមគ្គុទេសទេសចរណ៍នៅក្នុងតំបន់អង្គរ អំពីមូលហេតុ ថាហេតុអ្វីបានជាប្រាសាទដ៏ធំមហិមាមួយនេះបែរជាបែរមកទិសខាងលិច ដែលខុសពីប្រាសាទដ៏ទៃទៀតទៅវិញ? ពេលនេះយើងនឹងលើកយកប៉ុន្មានចំនុច ដែលបានបញ្ជាក់ពីមគ្គុទេសម្នាក់នៅក្នុងតំបន់អង្គរ អោយអ្នកទាំងអស់គ្នាបានដឹង។
+ មូលហេតុទី១៖ បានជាប្រាសាទនេះបែរទៅខាងលិចព្រោះប្រាសាទនេះគឺជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ ដូចនេះគេត្រូវសង់ប្រាសាទបែរទៅទិសខាងលិច ដែលជាធម្មតាព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។ ពេលដែលបារាំងបានទៅធ្វើការស្រាវជ្រាវនៅក្នុងប្រាសាទអង្គរវត្ត ពួកគេបានរកឃើញមាសពេជ្រជាច្រើននៅក្នុងកំពូលប្រាសាទអង្គរវត្ត ដែលនេះជាប្រពៃណីរបស់ខ្មែរយើងមានជំនឿថា ពេលដែលមនុស្សស្លាប់ទៅ គេតែងតែដាក់មាស ប្រាក់ ចាន ឆ្នាំងទៅក្នុងម្ឈូស និងគេជឿថាជាតិក្រោយពួកគេអាចយករបស់ទាំងនោះទៅតាមខ្លួន។
+ មូលហេតុទី២៖ ប្រាសាទអង្គរវត្តធ្លាប់ជាប្រាសាទ ដែលឧទ្ទិសថ្វាយដល់ព្រះសេវៈនៅក្នុងសាសនាហិនឌូ។ នេះបើយោងទៅតាមសាសនា គ្រប់ប្រាសាទដែលឧទ្ទិសថ្វាយអោយព្រះសេវៈ ឬព្រះឥសូរ ជាធម្មតាគឺបែរមកទិសខាងលិច។

+ មូលហេតុទី៣៖ នៅភាគខាងលិចនៃប្រាសាទអង្គរវត្តគឹជារាជធានីចាស់របស់ស្តេចអង្គមុន ដូចនេះហើយព្រះបាទសូរ្យវរ្ម័នទី២ទ្រង់ចង់គោរពដល់ទីក្រុងចាស់របស់ជីដូនជីតារបស់ព្រះអង្គ ប្រសិនបើសង់ប្រាសាទរាជបែរទៅទិសខាងកើតមាននៃថាប្រាសាទហុចគូតទៅជីដូនជីតារបស់ព្រះអង្គ ហើយអាចនាំមកនៅសំណាងអាក្រក់ដល់ព្រះអង្គរ និងប្រជាជនរបស់ទ្រង់។
+ មូលហេតុទី៤៖ ទាក់ទងនឹងការកសាងប្រាសាទវិញ យើងដឹងហើយថា កន្លែងដែលមនុស្សជំនាន់មុនកាត់ភ្នំយកថ្ម គឺនៅឆ្ងាយពីទីក្រុងអង្គរប្រហែល ៦៥គីឡូម៉ែត្រ ដែលស្ថិតនៅតំបន់ភ្នំគូលែនភាគខាងជើងឈាងខាងកើតនៃក្រុងសៀមរាបសព្វថ្ងៃនេះ ដូចនេះហើយដើម្បីសន្សំកំលាំង និងពេលវេលា ទើបគេចាប់សង់ប្រាសាទពីលិចទៅកើត ទើបងាយស្រួលក្នុងការដឹកជញ្ជូនថ្ម ដោយមិនចាំបាច់វាងប្រាសាទដែលធ្វើអោយខាតពេលវេលា និងធនធាន។
+ មូលហេតុទី៥៖ នៅខាងកើតនៃប្រាសាទអង្គរមានផ្លូវទឹកមួយ ដែលសព្វថ្ងៃនេះយើងហៅថា ស្ទឹងសៀមរាប ដូច្នេះហើយពេលដែលចាប់សង់ប្រាសាទ បើប្រាសាទបែរទៅទិសខាងកើត ចឹងពេលដែលប្រាសាទធ្វើរួច មិនថាស្តេច ឬប្រជាជនដែលចង់ទៅធ្វើពិធីសាសនា គឺត្រូវឆ្លងទឹកដើម្បីទៅប្រាសាទដូចនេះហើយធ្វើអោយលំបាកដល់អ្នកដែលចង់ទៅធ្វើពិធីសាសនាណាមួយនៅក្នុងប្រាសាទ។
សរុបមក រាល់ការលើកឡើងខាងលើ យើងមិនអាចសន្និដ្ឋានថា វាជាហេតុផលមួយដែលត្រឹមត្រូវ ឬច្បាស់លាស់នោះទេ ដោយនេះគឺជាការបកស្រាយ និងការយល់ឃើញពីអ្នកប្រវត្តិសាស្រ្ត និងបុរាណវិទូតែប៉ុណ្ណោះព្រោះយើងពុំមានសិលាចារឹក ឬឯកសារណាមួយច្បាស់លាស់នោះទេ ដូចនេះយើងទាំងអស់គ្នាអាចគិតនិងពិចារណាថាតើការបកស្រាយខាងលើអាចជាការពិត និងសមហេតុតសមផលដែរឬទេ។ គួរបញ្ជាក់ផងដែរប្រាសាទអង្គរគឺជាប្រាសាទសាសនាធំជាងគេលើលោកដែលសង់ឡើងនៅក្នុងឆ្នាំ១១១៣ ដល់ឆ្នាំ ១១៥០ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងជាប្រាសាទរាជរបស់ព្រះអង្គ មុននឹងទ្រង់ចាប់ផ្តើមសង់ទីក្រុង៕
អត្ថបទ៖ សុគុណា
- Share This Post:









