មានមនុស្សមួយចំនួនតូច ដែលនិយមសូត្ររត់មាត់ថា«ខេត្តកំពង់ឆ្នាំង មិនដឹងទៅលេងនៅឯណានោះទេ»? តស់មកដឹងថាតើខេត្តកំពង់ឆ្នាំង មានទីកន្លែងទេសចរណ៍នៅឯណាខ្លះ?
- BY
- Naren
- February 28, 2024
មានមនុស្សមួយចំនួនតូច ដែលនិយមសូត្ររត់មាត់ថា«ខេត្តកំពង់ឆ្នាំង មិនដឹងទៅលេងនៅឯណានោះទេ»។ សម្តីទាំងនេះ អាចសូត្របានពីរោះកាលពីម្ភៃ សាមសិបឆ្នាំមុនប៉ុណ្ណោះ តែឥលូវនេះ ចាំសូត្រតាម«ក្រុមទេសចរខ្មែរ» ឡើងវិញល្អជាង!។
បើនិយាយពីស្រុកទឹកផុស គិតចាប់ពីទីប្រជុំជនផ្សាររមាស ដល់ជើងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមួយផ្នែកទៀត ដល់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺមានរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ មិនតិចជាង៤-១០កន្លែងនោះទេដែលកំពុងរង់ចាំលោកអ្នកដោយអន្ទះសារអស់ពេល ជាយូរខែឆ្នាំណាស់មកហើយ។ នេះយើងខ្ញុំមិនទាន់និយាយដល់ទីតាំងភូមិសាស្ត្រ និងដានជើងរបស់កងទ័ពខ្មែរក្រហម និងដានឈាមនៃសមរភូមិក្តៅ កាលពីសម័យសង្គ្រាម រវាងខ្មែរ និងខ្មែរផង ដែលលោកអ្នកអាចនាំកូនចៅ ផៅសន្តានមកលេង និងមើលផង។
បើនិយាយពីស្រុកកំពង់ត្រឡាច ដែលហ៊ុមព័ទ្ធមួយភាគធំ នៃអតីតរាជធានីលង្វែក ដែលគេនិយមហៅថា«តំបន់សាមកុក»ខ្មែរ គឺនៅមានសេសសល់វត្តអារាមចំណាស់ ផ្ទាំងគំនូរបុរាណគ្មានពីរនៅក្នុងស្រុកខ្មែរ ដែលកូនចៅខ្មែរជំនាន់ក្រោយត្រូវតែមកលេង និងស្វែងរកឯកសារ ដើម្បីសិក្សាស្វែងយល់ និងអាចអានលេងថែមទៀតផង។ បើនិយាយពីស្រុកបរិបូរណ៌ កំពង់លែង ជលគិរីវិញ បើទោះជាលោកអ្នកមានជីវិតប្រាំពីរ ក៏ស្គាល់មិនអស់ដែរ ដូចជា៖ ប្រាង្គប្រាសាទបុរេអង្គរជាច្រើន ព្រះវិហារ និងវត្តបុរាណ ភូមិឋានប្រជាជន ស្ថានីយជលសាស្ត្រ និងឧត្តុនិយម មូលដ្ឋានកងទ័ពជើងទឹកសម័យបុរាណ តំបន់យុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកបុរាណខ្មែរ ដែលបានលាក់ទុករាប់រយពាន់ឆ្នាំដើម្បី ការពារ និងថែរក្សាទឹកបឹងទន្លេសាប ឬសមុទ្រទឹកសាបតែមួយគត់នៅតំបន់អាស៊ី ដែលជាជង្រុកត្រីរាប់រយពាន់ប្រភេទមិនចេះអស់ និងកំណប់រ៉ែមានតម្លៃរាប់សិបតោន នៅតាមជួរភ្នំកង្រី ភ្នំទូកមាស ភ្នំកង្កែប… រហូតដល់ទឹកដីវាលកំបោរ ក្នុងភូមិសាស្ត្រ សំរោងសែន ជិតព្រំប្រទល់ខេត្តកំពង់ធំទៀតផង។
បើចង់ស្តាប់រឿងរ៉ាវទាំងនេះ យើងខ្ញុំនិទានប្រាប់រាប់រយឆ្នាំ ក៏មិនអាចចប់សព្វគ្រប់ឡើយ។នេះយើងខ្ញុំ មិនទាន់និយាយពីស្រុក«សាមគ្គីមានជ័យ» និងស្រុក«រលាប្អៀរ» ដែលទាក់ទងជាមួយប្រវត្តិសាស្ត្រពិតនៃការតស៊ូប្រឆាំងអាណានិគមនិយមបារាំង ដែលមាន សរសេររៀបរាប់យ៉ាងលំអិតក្នុងរឿង«ថៅកែចិត្តចោរ» ព្រមទាំងវាលយន្តហោះកសាងក្នុង សម័យខ្មែរក្រហម រូងតារាជ វត្តក្រាំងរមាស និងអត្តសញ្ញាណស្មូនក្អមឆ្នាំងរបស់អ្នកស្រុក ខេត្តកំពង់ឆ្នាំង ព្រមទាំងមានទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រដទៃទៀតរាប់មិនអស់ផង!!!។ អត្ថបទ៖ ក្រុមទេសចរខ្មែរ-Khmer Tourist
- Share This Post: