កូនប្រាសាទលលៃនៅមិនឆ្ងាយពីក្រុងសៀមរាបទេ ប៉ុន្តែមិនសូវមានភ្ញៀវចូលទស្សនាប៉ុន្មានទេ តែបើនិយាយពីអាយុវិញចាស់ជាងអង្គរវត្តប្រហែលជាងពីររយឆ្នាំ
- April 3, 2019
ប្រាសាទតូចមួយនេះស្ថិតនៅក្នុងស្រុកបាគងខេត្តសៀមរាប និងឆ្ងាយពីក្រុងសៀមរាបប្រហែល១៥គីឡូម៉ែត្រ ហើយប្រសិនបើយើងជិះពីក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ក្នុងទិសដៅទៅទីក្រុងភ្នំពេញ យើងនឹងឃើញមានផ្លូវដីក្រហមមួយនៅខាងឆ្វេងដៃ ដោយមានផ្លាកឈ្មោះប្រាសាទផងដែរ។ ប្រាសាទមួយនេះមានឈ្មោះថា ”ប្រាសាទលលៃ” ហើយលក្ខណៈពិសេសរបស់ប្រាសាទនេះគឺជាប្រាសាទ ដែលគេសង់នៅលើទួល និងចំកណ្តាលបារាយណ៍បុរាណ ដែលជីកដោយមនុស្សសម័យមុន មិនតែប៉ុណ្ណោះយើងអាចហៅប្រាសាទមួយនេះថាជាប្រាសាទកោះ ព្រោះវាស្ថិតនៅក្នុងទឹក។
បន្ថែមពីនេះទៅទៀតប្រាសាទនេះសព្វថ្ងៃស្ថិតនៅក្នុងភូមិអ្នកស្រុកដែលរស់នៅទីនោះ ដូចនេះហើយនៅជាប់នឹងសំណង់ប្រាសាទបុរាណ ប្រជាជននៅទីនោះបានសង់វត្តអារាមមួយ និងកុដលោកជាច្រើនជុំវិញប្រាសាទនេះ។
គួរបញ្ជាក់ផងដែរថា ប្រាសាទនេះសង់នៅលើដីផ្ទាស់ដោយមានគ្រឹះមួយ កំពូលប្រាសាទ៤ ដោយគេយកឥដ្ឋមកសាងសង់ភាគច្រើន និងផ្នែកមួយចំនួនដូចជាគ្រឹះប្រាសាទគេប្រើថ្មបាយគ្រៀម និងផ្នែកខ្លះដូចជាចម្លាក់គេប្រើថ្មភក់។ នាពេលបច្ចុប្បន្ននេះ ប្រាសាទលលៃស្ថិតនៅក្រោមការជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលជារួមប្រាសាទមួយនេះមានសភាពទ្រុតទ្រោមខ្លាំង។
បើយោងទៅតាមការបកស្រាយរបស់មគ្គុទេសទេសចរណ៍បានអោយដឹងថា ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើងដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី “ហរិហរាល័យ” (តំបន់រលួសសព្វថៃ្ង) ទៅជា “យសោធរ” (តំបន់ឧទ្យានអង្គរសព្វថៃ្ង)។ ជាមួយគ្នានេះផងដែរ ប្រាសាទលលៃជាប្រាសាទចុងក្រោយគេបង្អស់នៃទីក្រុង ហរិហរាល័យ មុននឹងព្រះបាទយសោវរ្ម័នទី១ផ្លាស់ប្តូរាជធានីទៅតំបន់អង្គរ ឬ យសោធបុរៈ វិញ៕

- Share This Post:















