មានដឹងទេថា តើប្រាសាទមួយណាជាប្រាសាទ ដែលមានអាយុច្រើនជាងគេនៅក្នុងតំបន់អង្គរ?
- April 9, 2019
នៅក្នុងខេត្តសៀមរាបជាខេត្ត ដែលសំបូរទៅដោយប្រាង្គប្រាសាទបុរាណ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរមកចូលទស្សនាយ៉ាងច្រើនកុះករមិនថាភ្ញៀវជាតិ និងអន្តរជាតិនោះទេ។ ជាមួយគ្នានោះដែរ នៅក្នុងតំបន់អង្គរ ឬតំបន់ប្រវត្តិសាស្រ្តអង្គរមានផ្ទៃក្រឡា ៤០២គីឡូម៉ែត្រការ៉េ និងមានប្រាសាទប្រហែលជា៣០០ប្រាសាទ ប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមានត្រឹមតែជាង ៤០ប្រាសាទប៉ុណ្ណោះ ដែលជាប្រាសាទមេ និងភ្ញៀវទាំងអស់អាចចូលទស្សនាបាន ខណៈដែលប្រាសាទមួយចំនួនធំមិនទាន់បានជួសជុល និងខ្លះទៀតស្ថិតនៅក្នុងព្រៃជ្រៅ ហើយខ្លះទៀតត្រូវការពេលវេលាក្នុងការធ្វើកំណែកំណាយ។ ដោយឡែកមានប្រជាជនខ្មែរយើងតិចណាស់ ដែលដឹងថាប្រាសាទណាមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អភិរក្សអង្គរ ហើយប្រាសាទនោះគឺជាប្រាសាទតូចមួយ ដែលធ្វើពីឥដ្ឋ ស្ថិតនៅក្នុងស្រុកបាគង ឬក្នុងទីក្រុងបុរាណ ហរិហរល័យ ឬសព្វថ្ងៃនេះគេហៅថាក្រុមប្រាសាទរលួស។
បន្ថែមពីនេះទៅទៀត ប្រាសាទមួយនេះមានឈ្មោះថា ប្រាសាទព្រះគោ ដែលសង់ឡើងក្នុងគោលបំណងឧទ្ទិសថ្វាយអោយអ្នកផ្តើមអាណាចក្រអង្គរគឺ ព្រះបាទជ័យវរ្ម័នទី២ និងសម្រាប់ព្រះឥសូរក្នុងសាសនាហិនឌូ និងប្រាសាទនេះសាងសង់ឡើងដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សទី៩ និងជាប្រាសាទដំបូងគេត្រូវបានសង់ឡើង បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២ ផ្លាស់ប្តូររាជធានីពីមហិន្ទ្របរព័ត្រលើជួរភ្នំគូលែន ដែលជារាជធានីដំបូងរបស់ព្រះរាជាព្រះបាទជ័យវរ្ម័នទី២។
មួយវិញទៀត បានជាគេហៅប្រាសាទនេះជាប្រាសាទព្រះគោ ព្រោះនៅមុខប្រាសាទនេះគេឃើញមានរូបចម្លាក់គោ ឬជាសត្វទេពនៅក្នុងសាសនាហិនឌូ ដែលជាយានជំនិះរបស់ព្រះឥសូរ ដូចនេះហើយបានជាគេហៅប្រាសាទនេះថា ”ប្រាសាទព្រះគោ” រហូតមកដល់សព្វថ្ងៃនេះ។ នាពេលបច្ចុប្បន្ននេះប្រាសាទព្រះគោពុំសូវមានភ្ញៀវចូលទៅទស្សនាប៉ុន្មានទេ បើសិនជាធៀបទៅនិងអង្គរវត្ត ឬប្រាសាទបាយ័ន ព្រោះប្រាសាទនេះរៀងស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្តប្រហែល២០គីឡូម៉ែត្រ ប៉ុន្តែប្រាសាទនេះអាយុច្រើនជាងប្រាសាទអង្គរវត្តប្រហែលជាង២០០ឆ្នាំឯណោះ៕

អត្ថបទ៖ សុគុណា
- Share This Post:














