សង្គម

ប្រាសាទបាគងជាប្រាសាទរាជដំបូងគេ ដែលសង់រាបស្មើនឹងដី និងមានរាងដូចពីរ៉ាមីត

BY
Khmernote Media
April 2, 2019

មានរឿងជាច្រើនដែលទាក់ទងនឹងអបីយជំនឿខ្មែរយើងក៏ដូចជាប្រវត្តិសាស្រ្ត ដែលបានកកើតជាអាណចក្រខ្មែរ។ ជាមួយគ្នានោះដែរ គោលបំណង ដែលមនុស្សជំនាន់មុនសាងសង់ប្រាសាទនោះគឺមានគោលបំណងផ្សេងៗគ្នា តែជាគោលគឺសង់ប្រាសាទ ដើម្បីសាសនា និងសម្រាប់ស្តេចនាពេលសម័យនោះ។ ជាក់ស្តែងប្រាសាទខ្មែរយើងមានពីរប្រភេទសំខាន់ៗ ដូចជា ប្រាសាទដែលសង់នៅលើដីមានតែមួយជាន់ និងប្រាសាទមួយទៀតដែរគេហៅថា ប្រាសាទភ្នំ ឬប្រាសាទរាជរបស់ស្តេច ដែលតំណាងអោយភ្នំ ឬសងសំរាប់អទិទេពរបស់ពួកគេនៅក្នុងសាសនាហីនឌូ។ ហើយប្រាសាទដែលចាប់ផ្តើមសង់នៅលើដីហើយមានច្រើនជាន់ និងមានរាងដូចជាពីរ៉ាមីតនៅក្នុងប្រទេសអេស្ស៊ីបនោះគេ ប្រាសាទបាគង ដែលស្ថិតនៅក្នុងស្រុកបាគង ខេត្តសៀមរាប ហើយប្រាសាទនេះមានចំងាយពីក្រុងសៀមរាបប្រហែលជា ១៥គីឡូម៉ែត្រ។

ការកកើតដំបូងនៃអាណាចក្រអង្គរគឺចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ.ស ដោយព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់បានតាំងរាជធានីដំបូងរបស់ព្រះអង្គនៅលើជួរភ្នំគូលែន។ ក្នុងគ្រានោះដែរ ប្រាសាទរាជរបស់ទ្រង់ដំបូង ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំគូលែន ដែលមានកំពស់ប្រហែល ៥០០ម៉ែត្រពីកំពស់ទឹកសមុទ្រ មានឈ្មោះថា ប្រាសាទអារ៉ាមរោងចិន។ ដោយឡែកនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី២ដដែល ទ្រង់បានផ្លាស់ប្តូររាជធានីមក តំបន់រលួសវិញ ដោយមូលហេតុថា មានការលំបាកដល់ប្រជាជនបង្ករបង្កើនផលនៅតាមជួរភ្នំ ប៉ុន្តែនៅរាជកាលរបស់ព្រះអង្គ ទ្រង់ពុំបានសង់ប្រាសាទណាមួយនៅក្នុងរាជធានីថ្មីនោះទេ។

ដូចនេះហើយស្តេចអង្គក្រោយបានបន្តប្រពៃណីរបស់ស្តេចអង្គមុនសង់ប្រាសាទរាជ ដែលជាប់ទៅនឹងដីរាបស្មើ ប៉ុន្តែធ្វើជាច្រើនជាន់អោយដូចទៅនឹងភ្នំសប្បនិម្មិត និងបានដំកល់សេវៈលឹង្គដែលតំណាងអោយព្រះឥសូរនៅក្នុងព្រាហ្មណ៍សាសនា។ សរុបសេចក្តីមកព្រះបាទឥន្រ្ទវរ្ម័នទី១ ជាអ្នកចាប់ផ្តើមសង់ប្រាសាទភ្នំដែលមានរាងដូចពីរ៉ាមីតមុនគេគឺ ប្រាសាទបាគង ដែលស្ថិតនៅត្រង់ចំណុចកណ្តាលនៃទីក្រុងបុរាណ ហរិហរៈល័យ៕

អត្ថបទ៖ សុគុណា

Share This Post: