ស្ត្រីវៀតណាម ដែលជាប់ពាក់ព័ន្ធនឹងការធ្វើឃាតសម្លាប់បងប្រុសរបស់លោក គីម ជុងអ៊ុន ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញហើយ
ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយបានចោទប្រកាន់ថា នាងមានការពាក់ព័ន្ធក្នុងករណីធ្វើឃាតសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើងគឺ លោក គីម ជុងណាមនោះ ត្រូវបានតុលាការម៉ាឡេស៊ីសម្រេច ដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃសុក្រកន្លងទៅនេះ។ សូមរម្លឹកជូនថា ស្ត្រីវៀតណាមរូបនេះមានឈ្មោះ Doan Thi Huong អាយុ ៣០ ឆ្នាំ នាងត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ ២០១៧ និងត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់អាវុធសម្ងាត់ ដើម្បីស្លាប់លោក គីម ជុងណាម នៅក្នុងប្រទេសម៉ាឡេស៊ី ហើយតាំងពីពេលនោះមក នាងត្រូវគេឃុំខ្លួននៅក្នុងគុកសម្រាប់ដាក់មនុស្សស្រីមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ីរហូតមកទល់នឹងថ្ងៃដោះលែងនេះ។

ក្រោយត្រូវបានគេដោះលែងនាងបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា នាងពុំបានធ្វើដូចអ្វីដែលគេបានចោទប្រកាន់នាងនោះទេ ហើយនាងគ្រាន់តែជាកូនអុក ដែលកូរ៉េខាងជើងបានប្រើប្រាស់តែប៉ុណ្ណោះ ខណៈដែលឃាតកពិតប្រាកដបានរត់គេចខ្លួនបាត់ទៅហើយ។ ជុំវិញករណីនេះផងដែរ ទាំងកូរ៉េខាងត្បូង និងក្រុមអ្នកវិភាគជាច្រើនសុទ្ធតែបានលើកឡើងដូចគ្នាថា ការស្លាប់របស់លោក គីម ជុងណាម បងប្រុសរួមឪពុក និងមានម្តាយផ្សេងគ្នាជាមួយលោក គីម ជុងអ៊ុននោះ គឺជាការរៀបចំឡើងដោយកូរ៉េខាងជើងផ្ទាល់តែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost