បុរសម្នាក់ពត់កខ្លាំងពេកធ្វើឲ្យមានដាច់សរសៃឈាមក្នុងខួរក្បាល
អាមេរិក៖ នៅពេលមានអារម្មណ៍ថាអស់កម្លាំង ឬក៏រោយកក្រោយអង្គុយធ្វើការងារច្រើនម៉ោងនោះ មនុស្សមួយចំនួនតែងក្រោកឡើងបត់ឬពត់កចុះឡើយ ឬយកដៃមកកាច់ត្រង់កតិចៗជាដើម ដើម្បីបន្ថយបញ្ហារោយក និងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ យ៉ាងណាក្តី មានបុរសម្នាក់ត្រូវបានសារព័ត៌មាន WORLDOFBUZZ ចុះផ្សាយថា គាត់បានកើតមានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពីគាត់ធ្វើចលនាបត់ និងពត់កខ្លួនឯងចុះឡើងៗដោយមិនបានប្រុងប្រយ័ត្ន។ បុរសជាជនរងគ្រោះមានឈ្មោះថា Josh Hader អាយុ ៣០ ឆ្នាំ រស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។

តាមការពន្យល់របស់ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា បុរសជនរងគ្រោះបានធ្វើចលនាបត់កចុះឡើងៗក្នុងកម្លាំងខ្លាំងជ្រុល និងបានធ្វើឲ្យសរសៃរឈាមមួយត្រូវធ្លាយ ហើយក្រោយមកបញ្ហានេះក៏ជំរុញចរន្តឈាមរត់ទៅកាន់ខួរក្បាលត្រូវថយចុះ និងបង្កើតឲ្យមានបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលតែម្តង។ រហូតមកទល់នឹងពេលនេះជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យ ដែលភ្នែករបស់គាត់មួយចំហៀងមើលអ្វីមិនច្បាស់នោះទេ ហើយដៃនិងជើងម្ខាងរបស់គាត់ក៏កំពុងតែស្ពឹកធ្វើចលនាអ្វីមិនបានដែរ។ តាមរយៈបទពិសោធន៍អាក្រក់នេះ សុំលោកអ្នកដែលមានទម្លាប់បត់ក ឬពត់កខ្លួនឯងនោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងមានបញ្ហាដូចក្នុងករណីខាងលើនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz