អ្នកដំណើរចិនម្នាក់ចុចបើកទ្វារអាសន្នរបស់យន្តហោះ ដោយសារធុញទ្រាន់នឹងការតម្រង់ជួរដើរចុះពីយន្តហោះយូរពេក
ចិន៖ អ្នកដំណើរជនជាតិចិនម្នាក់បានចុចបើកទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ខណៈដែលគាត់ធុញទ្រាន់ក្នុងការតម្រង់ជួរដើរចេញពីយន្តហោះខ្លាំងពេក។ អ្នកដំណើររូបនេះមានឈ្មោះថា Song អាយុ ៦៥ ឆ្នាំ បានធ្វើដំណើរជាមួយនឹងគ្រួសារចេញពីខេត្ត Shandong ឆ្ពោះទៅកាន់កោះ Putuoshan ដែលស្ថិតនៅភាគខាងត្បូងក្រុង សៀងហៃ ប្រទេសចិន។ អ្នកដំណើររូបនេះមិនធ្លាប់ជិះយន្តហោះពីមុនឡើយ ហើយក្នុងពេលធ្វើដំណើរលើកដំបូងនេះគាត់ត្រូវអង្គុយនៅកៅអី ដែលស្ថិតនៅជួរទី ១៥ នៃយន្តហោះ។
ពេលដែលយន្តហោះធ្វើការចុះចតភ្លាមដែលដំណើរគ្រប់រូបបានក្រោកឈរឡើង ដើម្បីប្រមូលឥវ៉ាន់ផ្សេងៗ និងដើរចេញបន្តបន្ទាប់គ្នាតាមលេខរៀងដូចធម្មតា។ ឥរិយាបថនេះបានធ្វើឲ្យលោក Song ធុញយ៉ាងខ្លាំង ហើយពេលនោះគាត់ក៏ចុចបើកទ្វារចេញពេលមានអាសន្នតែម្តង បើទោះជាមានសញ្ញាហាមឃាត់លើទ្វារនោះក៏ដោយ។ ក្រោយបង្កភាពភ្ញាក់ផ្អើលនេះលោក Song បានឲ្យដឹងថា គាត់មិនបានចាប់អារម្មណ៍ថា ទ្វារនោះជាទ្វារចេញពេលមានអាសន្ន និងធ្វើឲ្យមានបញ្ហាដូចនេះទេ ដោយគាត់ចេះតែចុចបើកផ្ដេសផ្តាសទៅ ព្រោះតែគាត់ធុញនឹងការរង់ចាំយូរពេក។ យ៉ាងណាក្តី លោក Song ត្រូវបានគេឃុំខ្លួនរយៈពេល ១០ ថ្ងៃ ដើម្បីទុកជាការព្រមាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai



