David Beckham ត្រូវបានហាមឃាត់មិនឲ្យបើកបរ៦ខែក្រោយរកឃើញថា គាត់បានប្រើប្រាស់ទូរស័ព្ទពេលបើកបរ
អតីតកំពូលកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក David Beckham ត្រូវបានគេធ្វើការហាមឃាត់មិនឲ្យបើកបររថយន្តរយៈពេល ៦ ខែ ក្រោយរកឃើញថា គាត់បានប្រើប្រាស់ទូរស័ព្ទនៅក្នុងអំឡុងពេលកំពុងបើកបររថយន្ត។ យោងតាមការចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មាន dailymail បានឲ្យដឹងថា តាមការពិតបុរសសង្ហាវ័យ ៤៤ ឆ្នាំរូបនេះ បានប្រព្រឹត្តិបទល្មើសតាំងពីខែមុនមកម្ល៉េះ ខណៈដែលគាត់កំពុងបើកបរថយន្តនៅតាមបណ្ដោយផ្លូវមួយខ្សែស្ថិតនៅភាពខាងត្បូងនៃប្រទេសអង់គ្លេស។

តាមការពិនិត្យមើលលើប័ណ្ណបើកបររបស់គាត់បានបង្ហាញថា គាត់ធ្លាប់បានប្រព្រឹត្តិបទល្មើសចរាចរណ៍រួចម្តងហើយ គឺការបើកបរហួសល្បឿនកំណត់ និងត្រូវបានគេកាត់ពិន្ទុអស់ ៦ ផងដែរ។ បូកបន្ថែមជាមួយនឹងករណីថ្មីនេះ ប័ណ្ណបើកបររបស់លោក David Beckham ត្រូវកាត់ពិន្ទុបន្ថែមរហូតដល់កម្រិតត្រូវធ្វើការផ្អាកសុពលភាពរយៈពេល ៦ ខែ។ លើសពីនេះទៅទៀតគាត់ក៏ត្រូវផាកពិន័យជាប្រាក់ចំនួន ៩៧៥ ដុល្លារ ផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖dailymail
