នគរបាលជាតិបញ្ជាក់ថា ក្រុមចិន ដែលបង្កភាពវឹកវរនៅកំពង់សោមនោះ គឺមិនស្ថិតក្នុងប្រទេសកម្ពុជាទេ
(ភ្នំពេញ) ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ឧសភានេះថា ក្រុមសង្គមងងឹតចិន ដែលព្រមាន ចង់បង្កធ្វើព្យុះភ្លៀងក្នុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា គឺជាក្រុមមិនស្ថិតនៅក្នុងប្រទេសកម្ពុជា និងឃ្លីបវីដេអូនោះសោតទៀត គឺជាឃ្លីបវីដេអូចាស់។ ការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងក្រោយវីដេអូឃ្លីបមួយរយៈពេលច្រើនវិនាទី បានបង្ហោះដោយក្រុមសង្គមងងឹតចិន និងបាននិយាយជាភាសាចិនព្រមានថា ពួកគេដែលមកពីខេត្ត ឆុងឈីង អាចនឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុបាន ក្នុងរយៈពេល៣ឆ្នាំក្រោយ។ ស្ថានទូតចិនក្រោយវីដេអូឃ្លីបព្រមាននេះ បានយល់ព្រមធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជា ដើម្បីការស៊ើបអង្កេតនិងមានវិធានការណ៍តាមផ្លូវច្បាប់។

នៅថ្ងៃទី១៤ឧសភានេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ក្រោយការស្រាវជ្រាវរកឃើញថា ទីមួយឃ្លីប វីដេអូដែលបានបង្ហោះអំពីក្រុមបងធំជនជាតិចិនដែលគម្រាមកំហែងនៅក្នុងខេត្តព្រះសីហនុនេះ មិនមែនជាឃ្លីបវីដេអូថ្មីទេ ប៉ុន្តែជាឃ្លីបវីដេអូចាស់។ ទី២ ក្រុមសង្គមងងឹតនេះ សមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវនិងរកឃើញថា ក្រុមបងធំទាំងអស់នេះ ពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុនោះឡើយ។ ទី៣ សមត្ថកិច្ចនគរបាល ជាតិកម្ពុជា កំពុងបន្តកិច្ចសហប្រតិបត្តិការនិងជួនព័ត៌មានទំនាក់ទំនងសហការយ៉ាងម៉ត់ចត់ជាមួយភាគីចិន ដើម្បីស្រាវជ្រាវរឿងនេះ អោយទាល់តែឃើញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ