ស្តែងណាស់! រថយន្តមួយគ្រឿងបុករះចូលហ្វូងមនុស្សកំពុងឆ្លងថ្នល់ បង្កឲ្យរងរបួសជាច្រើននាក់
ចិន៖ រថយន្តមួយគ្រឿងបានជ្រុលចង្កូតបើកទៅបុកមនុស្សជាច្រើន ដែលកំពុងតែដើរឆ្លងថ្នល់ បង្កឲ្យមានមនុស្សចំនួន ១៣ នាក់រងរបួស ក្នុងនោះ មាន២ នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangzhou ប្រទេសចិន និងបង្កឡើងដោយស្ត្រីជាអ្នកបើកបរម្នាក់អាយុ ៤៥ ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ។ តាមរយៈវីដេអូដែលគេថតជាក់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ការពិតរថយន្តដែលបង្កហេតុនោះបានឈប់ដោយមានភ្លើងក្រហម ខណៈដែលមានមនុស្សជាច្រើនកំពុងដើរឆ្លងផ្លូវ។ បន្តិចក្រោយមកស្រាប់តែរថយន្តបានស្ទុះទៅមុខយ៉ាងកំរោល ដោយបានបុករះលើហ្វូងមនុស្សជាច្រើន និងជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀតផងដែរ។
តាមចម្លើយសារភាពរបស់ស្រ្តីជាអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុនាងបានឈោងទៅយកដបទឹកនៅកៅអីខាងក្រោយ ខណៈនោះជើងរបស់នាងក៏បានជ្រុលទៅជាន់ហ្គែររថយន្តឲ្យទៅមុខដោយចៃដន្យតែម្តង។ យ៉ាងណាក្តីមកទល់នឹងពេលនេះស្រ្តីជាអ្នកបើករថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញបាននាំគ្នាចាប់អារម្មណ៍ទៅនឹងស្បែកជើងកែងខ្ពស់របស់នាង ដោយគិតថាដោយសារតែនាងពាក់ស្បែកជើងកែងខ្ពស់ដូចនោះហើយទើបបានជានាងជ្រុលជើងបញ្ជារថយន្តដូចនេះ៕
អត្ថបទ៖ភក្តី
ប្រភព៖shanghaiist
