កុំថាឡើយម៉ូតូ សូម្បីតែឡានទុកប្រហែសក៏លួចបាត់ដែរ
តាកែវ៖ ក្រោយពីទទួលបានព័ត៌មានពីកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អំពីករណីចោរលួចរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-7042 សេរី២០០៤ ចេញពីរាជធានីភ្នំពេញ បើករត់មកតាមផ្លូវជាតិលេខ៤១ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយបានចូលមកក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។
ភ្លាមនោះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ឱ្យចេញល្បាត ត្រួតពិនិត្យ ពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់វេលាម៉ោង០៥ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញបានប្រទះឃើញរថយន្តភិនភាគដូចខាងលើក៏បានដេញតាម និងស្ទាក់ចាប់បាននៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចរថយន្តខាងលើ ពីការ៉ាស់ថែទាំរថយន្តយីហោ “មាតា” មានទីតាំងស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាកដមែន ដោយជនសង្ស័យជាបុគ្គលិកបម្រើការងារនៅការ៉ាស់នោះតែម្តង។
បច្ចុប្បន្នដោយបានការអនុញ្ញាតិពី លោក ឧត្តមសេនីយ៍ទោ ស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ ជនសង្ស័យ និងវត្ថុតាង ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
