សម្លេងផ្ទុះដ៏កក្រើកមួយនៅលើអាកាស ធ្វើឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង – នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២៩ វេលាម៉ោង៦ និង១៥នាទី មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ភូមិសាស្រ្តទឹកដីនៃព្រំដែនប្រទេសឡាវ ដោយសារមានសម្លេងផ្ទុះឡើងនៅលើអាកាស យ៉ាងកងរំពង និងធ្វើឱ្យមានរំញ័រ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមប្រភពប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យដឹងពីឃុំអូរស្វាយមកថា ក្រោយពីលឺសម្លេងផ្ទុះហើយប្រជាពលរដ្ឋយើងក៍ប្រទះឃើញមានផ្សែងខ្មួលខ្មាញ់នៅលើអាកាស និងមានបំណែកផ្សេងៗពីគ្នាធ្លាក់មករាយប៉ាយនៅលើដីក្នុងភូមិអូរស្វាយ និងខ្លះទៀតនៅទឹកដីឃុំព្រះរំកិល ក្នុងស្រុកថាឡាបរិវ៉ាត់ ឬក៍អាចនិយាយបានថា បំណែកខ្លះធ្លាក់ទៅក្នុងទឹកទន្លេមេគង្គក៍មានដែរ។
ប្រភពដ៍ដែលបានបន្តថា បំណែកទាំងនេះត្រូវបានប្រជាពលរដ្ឋយកទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិរដ្ឋបាលឃុំ ដើម្បីឱ្យផ្នែកមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តក្រែងមានយន្តហោះផ្ទុះបណ្តាលឱ្យមានការស្លាប់ដល់មនុស្ស ឬក៍មានភេរវកម្មណាមួយបង្ហោះគ្រឿងផ្ទុះគ្មានមនុស្សបើកបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម ក្នុងពេលប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព។
ហេតុការណ៍នេះ អ្នកសារព័ត៌មានរងចាំការបំភ្លឺពីសមត្ថកិច្ចជំនាញបន្ថែម ដើម្បីផ្សាយជូនប្រជាពលរដ្ឋយើងឱ្យដឹងពីរឿងហេតុច្បាស់លាស់នៅពេលក្រោយ៕

ប្រភព៖ ទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ





