រដ្ឋាភិបាលហូឡង់សុខចិត្តចាយលុយវាល់លានដុល្លារ ដើម្បីឲ្យប្រជាជនខ្លួនជិះកង់ទៅធ្វើការជាជាងជិះឡាន
កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសហូឡង់ បានប្រកាសថានឹងផ្តល់ជាថវិកាមួយចំនួនទៅកាន់អ្នកដែលជិះកង់ទៅធ្វើការងារ ហើយរហូតមទល់នឹងពេលនេះអ្នកជិះកង់ទៅធ្វើការនៅក្នុងប្រទេសនេះមានចំនួនប្រមាណ ២៧%។ ដើម្បីជួយរក្សាបរិស្ថាន ក្រុមហ៊ុនជាច្រើនក៏បានបង្កើតគោលការណ៍ផ្តល់ប្រាក់លើកទឹកចិត្តចំនួន ០,២២ ដុល្លារ/១ គីឡូម៉ែត្រ សម្រាប់អ្នកធ្វើដំណើរដោយកង់ទៅកាន់កន្លែងធ្វើការងារផងដែរ។ ដូចនេះអ្នកជិះកង់ទៅធ្វើការងារ នឹងទទួលបានលុយមួយចំនួនបន្ថែម និងទទួលបានសុខភាពល្អទៀតផង ខណៈបរិស្ថាននៅក្នុងប្រទេសទាំងមូលក៏ល្អប្រសើរផងដែរ។
ដើម្បីសម្រួលដល់អ្នកជិះកង់ រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៣៨៦ លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកជិះកង់ផងដែរ។ តាមគម្រោងហូឡង់ចង់ឲ្យមានចំនួនអ្នកជិះកង់កើនដល់ ២០០,០០០ នាក់នៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ទៀត។ ក្រៅតែពីប្រទេសហូឡង់ គេសង្កេតឃើញមានប្រទេសនៅតំបន់អឺរ៉ុបជាច្រើនទៀតក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្លួនជិះកង់ដែរ ដូចជាប្រទេសអង់គ្លេស លុចហ្សំបួរ និងបារាំងជាដើម។ សូមបញ្ជាក់ថា ការជិះកង់បានជួយកាត់បន្ថយការបំពុលបរិស្ថានយ៉ាងច្រើន ហើយអ្នកជិះកង់ផ្ទាល់ក៏ទទួលបានសុខភាពល្អប្រសើរផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ World Economic Forum