ទៅលេងសាំងហ្គាពួរ កុំបាញ់កៅស៊ូកងលេងផ្តេសផ្តាសឲ្យសោះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួនដូចបុរសនេះ
សឹង្ហបុរី៖ បុរសម្នាក់ត្រូវបានគេធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ៣០០ ដុល្លារសិង្ហបុរី (២១៧ ដុល្លារអាមេរិក) បន្ទាប់ពីគាត់បានបាញ់កៅស៊ូកងចំនួន ២ ទៅលើផ្លូវថ្នល់សាធារណៈ។ យោងតាមភ្នាក់ងារបរិស្ថានជាតិរបស់សឹង្ហបុរីបានបញ្ជាក់ថា សកម្មភាពរបស់បុរសរូបនេះគឺស្មើនឹងការបោះសំរាមចោលនៅទីសាធារណៈ ដែលត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលមានជាធរមាន។ ក្រោយធ្វើការផាកពិន័យ ភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរី ថែមទាំងបានបង្ហោះបង្កាន់ដៃនៃការបង់ប្រាក់ពិន័យជាសាធារណៈទៀតផង ដើម្បីទុកជាដាស់តឿនដល់ប្រជាពលរដ្ឋផ្សេងទៀតកុំឲ្យភ្លេចខ្លួនប្រព្រឹត្តិករណីនេះជាថ្មីម្តងទៀត។
សូមបញ្ជាក់ថា សិង្ហបុរីជាប្រទេសដែលអនុវត្តច្បាប់គ្រប់គ្រងលើបញ្ហាសំរាមតឹងរឹងបំផុត តួយ៉ាងកាលពីពេលថ្មីៗនេះមានបុរសម្នាក់ បានទុកចោលកំប៉ុងភេសជ្ជៈ ដែលគាត់ញ៉ាំហើយនៅស្ថានីយ៍រថភ្លើង ក៏ត្រូវភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីតាមស្វែងរកគាត់ និងធ្វើការផាកពិន័យជាប្រាក់ ៣០០ ដុល្លារសិង្ហបុរី (២១៧ ដុល្លារអាមេរិក) ផងដែរ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្រោយពេលដែលគាត់បានប្រព្រឹត្តិកំហុសមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia