នារីម្នាក់ចាក់ខាងប្រុសសុះសាច់ស្ទើរស្លាប់ស្ទើររស់ ព្រោះស្រលាញ់ខ្លាំងពេក
ស្ត្រីជនជាតិជប៉ុនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីនាងបានចាក់បុរសជាម្នាក់ ដែលរស់នៅក្នុងអាគារអាផាតមិនជាមួយគ្នាជាច្រើនកាំបិត។ ស្ត្រីជាជនដៃដល់មានឈ្មោះថា Yuka Takaoka អាយុ ២១ ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុម៉ោងប្រមាណជា ៤ ទៀបភ្លឺ ខាងស្ថានីយ៍ប៉ូលិសបានទទួលទូរស័ព្ទមួយដោយបានរាយការណ៍ថា មានករណីចាក់សម្លាប់មនុស្សបានកើតឡើង។ ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានឃើញស្រ្តីម្នាក់កំពុងអង្គុយជក់បារី ប្រឡាក់ឈាមពេញខ្លួននៅពីមុខបុរសជនរងគ្រោះម្នាក់ដែលត្រូវគេចាក់ជាច្រើនកាំបិត។

ភ្លាមៗនោះស្រ្តីជាជនដៃដល់បានសារភាពថា នាងជាអ្នកចាក់បុរសនេះឲ្យរងរបួស ហើយនាងក៏ជាអ្នករាយការណ៍ករណីនេះទៅកាន់ប៉ូលិសដែរ។ នៅពេលប៉ូលិសសួរថា៖ តើហេតុអ្វីបានជានាងធ្វើដូចនេះ? នាងបានឆ្លើយត្រឹមថា៖ នាងស្រលាញ់បុរសរងគ្រោះខ្លាំងពេក ហើយនាងចង់ចាក់សម្លាប់គាត់ និងបន្ទាប់មកក៏ចាក់សម្លាប់ខ្លួនឯងទៀត។ យ៉ាងណាក្តី ក្រោយពេលចាក់បុរសរងគ្រោះរួច នាងក៏ប្តូរចិត្តមិនសម្លាប់ខ្លួនឯង និងសម្រេចរាយការណ៍ករណីនេះជូនប៉ូលិសវិញ។ ពេលនេះបុរសជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលគាត់មានរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកស្ត្រីជាជនដៃដល់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលិស រង់ចាំទទួលទោសក្រោយការស៊ើបអង្កេតបន្ថែមពីប៉ូលិសជំនាញ៕
អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz
