ឆក់ស្លាប់អត់មានអ្នកដឹង ដោយសារចុចទូរស័ព្ទលេងបណ្តើរ សាកថ្មបណ្តើរ
ថៃ៖ បុរសម្នាក់ត្រូវឆក់ខ្សែភ្លើងស្លាប់ ខណៈដែលគាត់កំពុងតែគេងនៅគ្រែចុចលេងទូរស័ព្ទ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។ សាកសពរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកនៅលើគ្រែ និងដៃម្ខាងកាន់ទូរស័ព្ទដែលកំពុងតែដោតបញ្ចូលថ្មទៀតផង។ តាមការសន្និដ្ឋានរបស់ប៉ូលិសបានឲ្យដឹងថា បុរសរងគ្រោះបានបញ្ចូលថ្មទូរស័ព្ទបណ្តើរ និងចុចលេងទូរស័ព្ទបណ្ដើរ ហើយក៏ត្រូវឆក់ខ្សែភ្លើងស្លាប់តែម្តង។
តាមការរៀបរាប់របស់អ្នកជិតខាងបានឲ្យដឹងថា នៅក្នុងយប់នៃថ្ងៃកើតហេតុបុរសរងគ្រោះវ័យ ២៦ ឆ្នាំរូបនេះនៅផ្ទះតែម្នាក់ឯង ហើយគាត់ថែមទាំងបានអញ្ជើញបងប្អូនរបស់គាត់ឲ្យមកលេងទៀតផង។ លុះពេលបងប្អូនគាត់មកដល់មុខផ្ទះ ពួកគេបានគោះទ្វារផង និងតេទៅកាន់បុរសរងគ្រោះផង តែគ្មានចម្លើយនោះទេ ខណៈដែលផ្ទះនៅបើកភ្លើងដូចមានមនុស្សនៅក្នុងផ្ទះជាធម្មតា។ ក្រោយមកគេក៏បានសម្រេចគាស់ទ្វារចូលទៅ ទើបបានប្រទះឃើញហេតុការណ៍នេះតែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តទាំងអស់ចៀសវាងកុំប្រើប្រាស់ទូរស័ព្ទកំពុងសាកថ្មឲ្យសោះ បើមិនចង់មានគ្រោះថ្នាក់ដូចករណីខាងលើនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
