ប៉ូលិសថៃរឹបអូសរថយន្តប្រណិត ១០ គ្រឿងមានតម្លៃកប់ពពក ដែលជនខិលខូចបន្លំឯកសារក្នុងការនាំចូល
ថៃ៖ កាលពីពេលថ្មីៗនេះ កម្លាំងប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានធ្វើការរឹបអូសរថយន្តប្រណិតចំនួន ១០ គ្រឿង ដែលជនខិលខូចបានបន្លំឯកសារ ដើម្បីនាំរថយន្តទាំងនេះចូលមកក្នុងប្រទេសថៃ។ បើតាមឧត្តមសេនីយ៍ Jirabhop Bhuridej ប្រធានការិយាល័យបង្ក្រាបឧក្រិដ្ឋកម្មបានប្រាប់អ្នកសារព័ត៌មានថា ជនខិលខូចបានបន្លំឯកសារអំពីតម្លៃ និងស្ថានភាពរថយន្តដោយចុះក្នុងបញ្ជីថា រថយន្តមានតម្លៃថោកហួសហេតុ ឬរថយន្តខ្លះជាប្រភេទរថយន្តរងនូវការខូចខាតយ៉ាងខ្លាំង ដើម្បីទទួលបានការអនុគ្រោះពន្ធ ឬបង់ពន្ធថោកជាងតម្លៃដែលត្រូវបង់ជាក់ស្តែង ដែលការពិតរថយន្តទាំងអស់សុទ្ធតែជារថយន្តប្រណិតល្អៗ និងមានតម្លៃថ្លៃ។
លោកបានបន្តថា រថយន្តប្រណិតទាំង ១០ គ្រឿងនេះមានតម្លៃសរុបប្រមាណជា ១២០ លានបាត (៣,៧៧៥,៨០០ ដុល្លារអាមេរិក)។ នេះជាករណីកម្រមួយ ដែលប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មរបស់ថៃបានបំបែកនូវរឿងក្តីនាំចូលរថយន្តប្រណិតខុសប្រក្រតីដូចនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost

