កុំចេះតែហ៊ាន! អ្នករត់តុកតុកនៅថៃម្នាក់ត្រូវឃាត់ខ្លួន ដោយសារកោរភ្ញៀវទារលុយលើសចំនួន
ថៃ៖ អ្នករត់តុកតុកម្នាក់ដែលបានកោរលុយអ្នកទេសចរជនជាតិអាមេរិក ៣នាក់ សរុបចំនួន ១,៥០០បាត (ប្រហែល ៤៧ដុល្លារអាមេរិក) សម្រាប់ថ្លៃដំណើរមួយនៅទីក្រុងបាងកក ត្រូវបានចាប់ខ្លួនហើយដោយក្រុមប៉ូលិស។ ស្នងការប៉ូលីសទេសចរណ៍លោក Terapon Kuptanond បាននិយាយថា៖ «ប៉ូលិសទេសចរណ៍បានតាមដានអ្នកបើកបរដែលជាប់ចោទ បន្ទាប់ពីទំព័រហ្វេសប៊ុករបស់ JS100 បានបង្ហោះរឿងរ៉ាវអំពីអ្នករត់តុកតុក បានទារលុយពីភ្ញៀវទេសចរជនជាតិអាមេរិក ៣នាក់ ដោយក្នុងម្នាក់ៗចំនួន ៥០០បាត ពោលគឺសរុប ១,៥០០បាត ទៅលើសេវាកម្មរបស់គាត់។ ពួកគេបានចេញដំណើរពីស្ពាន Nang Loeng ទៅកាន់សណ្ឋាគារ Century Park នៅក្នុងការយល់ស្របក្នុងតម្លៃសរុបតែ ៥០០បាត មិនមែនម្នាក់ ៥០០បាត នោះទេ! ហើយការធ្វើដំណើររបស់ពួកគេគឺតិចជាង ៥ គីឡូម៉ែត្រ ប៉ុណ្ណោះ។

អ្នកបើកបរត្រូវបានគេឱ្យដឹងថា ឈ្មោះ Boonlert Chadsanam បានប្រគល់ខ្លួនឱ្យប៉ូលិស ហើយបានសារភាពចំពោះការចោទប្រកាន់នេះ។ លោកក៏បានសុំទោសដល់ភ្ញៀវទេសចរជនជាតិអាមេរិកទាំង ៣នាក់ ផងដែរ សម្រាប់សកម្មភាពមិនគប្បីរបស់គាត់។ លោក Somchai Ratchakaew មន្ត្រីជាន់ខ្ពស់ម្នាក់មកពីនាយកដ្ឋានដឹកជញ្ជូនដីបាននិយាយថា ក្នុងការចាប់ខ្លួននេះអ្នកបើកបរបានប្រព្រឹត្តបទល្មើស ៣ករណី រួមមាន៖ ទី១ បើកបរដោយប្រើប្រាស់អាជ្ញាប័ណ្ណព្យួរ ដែលអាចផ្តន្ទាទោសដោយពិន័យជាប្រាក់ ២,០០០បាត ទី២ បើកបរដោយមានអាជ្ញាប័ណ្ណដែលផុតកំណត់ ដែលអាចត្រូវពិន័យជាប្រាក់ ២,០០០បាត និងទី៣ ប្រមូលលុយលើសពីអត្រាដែលបានព្រមព្រៀងគ្នា ដែលអាចត្រូវបានពិន័យជាប្រាក់ ៥,០០០បាត ៕




អត្ថបទ៖ លីដា
ប្រភព៖ thethaiger