នាយករដ្ឋមន្ត្រីស្តីទីថៃ ប្រឆាំងសំណើ ដែលចង់ឱ្យមានការបន្តអាណត្តិដល់មេបញ្ជាការភូមិភាគទី២ ដោយសង្កត់ធ្ងន់ថា“ប្រព័ន្ធច្បាប់មិនគួរត្រូវបានកែប្រែឡើយ”
(បាងកក)៖ យោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ លោក Phumtham Wechayachai បានប្រឆាំងសំណើ ដែលចង់ឱ្យមានការបន្តអាណត្តិដល់មេបញ្ជាការភូមិភាគទី២ ដោយរូបលោក បានសង្កត់ធ្ងន់ថា “ប្រព័ន្ធច្បាប់មិនគួរត្រូវបានកែប្រែឡើយ”។

គួរបញ្ចាក់ផងដែរថា លោក Boonsin ភូមិភាគទី២ គ្រោងនឹងចូលនិវត្តន៍នៅថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ។ ខណៈមានការអំពាវនាវឱ្យបន្តអាណត្តិ ឬពន្យារពេលចូលនិវត្តន៍ របស់មេបញ្ជាការយោធភូមិភាគទី២ លោក Boonsin ដោយយកហេតុផលភាពតានតឹងតាមព្រំដែនថៃ-កម្ពុជា។
លោក Phumtham នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា បញ្ហានេះកំពុងតែត្រូវបាននិយាយគ្នា និងមិនទាន់មានការសម្រេចណាមួយនៅឡើយទេ រាល់ការសម្រេចទាំងអស់ គឺត្រូវធ្វើទៅតាមនីតិវិធី។ យ៉ាងណាមិញ លោក Phumtham Wechayachai ដែលជានាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ បានថ្លែងបន្តថា ការសម្រេចចិត្តនេះ គឺអាស្រ័យលើយោធា ក្នុងការសម្របសម្រួលជាមួយរដ្ឋមន្ត្រីការពារជាតិស្ដីទី គឺនាយឧត្តមសេនីយ៍ Natthapon Nakpanich។
ប៉ុន្ដែទោះបីជាយ៉ាងណាក៏រូបលោក ទុកចិត្តលើការដោះស្រាយរបស់ក្រសួង ដែលនិងចំណាត់ការទៅតាមនីតិវិធី និងឋានានុក្រម។ ចំពោះករណី លោក Boonsin តើចង់បន្ដ ឬបញ្ចប់គឺសម្រេចទៅលើការប្រជុំគ្នា។ ហើយរូបលោក ក៏មានតួនាទីចាត់ការរឿងនេះអោយបានត្រឹមត្រូវទៅតាមនីតិវិធីផងដែរ។
នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃរូបនេះ ក៏បានបន្ថែមថា ប្រព័ន្ធរបស់កងទ័ពអាចបង្កើតអ្នកស្នងតំណែងដែលសមរម្យ ដើម្បីជំនួសលោក Boonsin បានដោយមិនចាំបាច់ក្នុងការបន្តអាណត្តិដល់លោក Boonsin ទេ៕


ប្រភព៖ The Nation Thailand