ហ្វីលីពីនចាប់ផ្តើមបញ្ចូនសំរាមជាង១លានគីឡូទៅកាន់ប្រទេសកាណាដាវិញ ក្រោយជនខិលខូចលួចនាំសំរាមទាំងនោះចូលប្រទេសខ្លួន
ហ្វីលីពីនបានប្រកាសថានឹងផ្ញើសំរាមប្រមាណជា ១,៥០០ តោន ត្រលប់ទៅកាន់ប្រទេសកាណាដាវិញ ក្រោយមានជនខិលខូចបាននាំសំរាមទាំងនេះចូលមកកាន់ប្រទេសហ្វីលីពីន។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានចុះផ្សាយថា សំរាមទាំងនោះត្រូវបានជនខិលខូចនាំចូលក្រោមហេតុផលថា វាជាសំរាមដែលអាចកែច្នៃឲ្យក្លាយជាថាមពលសម្រាប់ប្រើប្រាស់បាន តែជាក់ស្តែងសំរាមទាំងនោះជាប្រភេទប្លាស្ទិចដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។

សំរាមទាំងអស់ត្រូវបានគេរាយការណ៍ថា មានចំនួន ៦៩ កុងទីន័រ ហើយសំរាមទាំងនេះនឹងត្រូវផ្ញើទៅកាន់កាណាវិញតាមកប៉ាល់បន្តិចម្តងៗរហូតដល់ចុងខែមិថុនាទើបអស់។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះម៉ាឡេស៊ីក៏ទើបតែបានសម្រេចផ្ញើសំរាមប្រមាណជា ៤០០ តោន ត្រលប់ទៅកាន់ប្រទេសដើមវិញផងដែរ ក្រោយមានជនខិលខូចបានបន្លំនាំចូលម៉ាឡេស៊ីក្រោមហេតុផលដូចគ្នានេះ ហើយប្រទេសដែលជាម្ចាស់សំរាមទាំងនោះមានដូចជា អាមេរិក អារ៉ាប៊ីសាអូឌីត និងបង់ក្លាដេសជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
